(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី នៃក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះថា បេសកកម្មរបស់ក្រុមបច្ចេកទេស អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) ដែលចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមី ដែលទម្លាក់ដោយ សហរដ្ឋអាមេរិក នៅទឹកដីប្រទេសកម្ពុជាបានបញ្ចប់ហើយ នៅថ្ងៃនេះ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យ និងពិសោធន៍គោលដៅចុងក្រោយ នៅក្នុងខេត្តស្វាយរៀង។
ក្រុមបច្ចេកទេសរបស់អង្គការ OPCW ជាមួយនឹងឧបករណ៍ពិសោធន៍ ដែលដឹកមកពីប្រទេសហូឡង់ បានចំណាយពេលវេលាចំនួន៥ថ្ងៃពេញ ពោលចាប់ពីព្រឹកព្រលឹមថ្ងៃទី១២ ដល់យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងបេសកកម្មចុះទៅពិនិត្យ និងធ្វើពិសោធន៍វាយតម្លៃ គ្រាប់បែកគីមីទម្លាក់ដោយអាមេរិក ដែលអាជ្ញាធរកម្ពុជា បានរកឃើញនៅខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងស្វាយរៀង ។
បើតាមលោកឧត្តមសេនីយ៍ឯក កេ ដា ដែលជូនដំណើរក្រុមបច្ចេកទេសរបស់អង្គការ OPCW ចុះពិនិត្យទីតាំងគ្រាប់បែកគីមី និងធ្វើពិសោធន័សារធាតុគីមីក្នុងគ្រាប់បែក បានឲ្យដឹងថា ក្រុមបច្ចេកទេស ជនជាតិបរទេសទាំង៤នាក់ បានចេញពីរាជធានីភ្នំពេញ នៅព្រឹកព្រឹលឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ហើយបានទៅដល់ខេត្តមណ្ឌលគិរី រសៀលថ្ងៃដដែល ដោយបានចុះពិនិត្យទីតាំងគ្រាប់បែកចំនួន១០គ្រាប់ នៅក្នុងភូមិចំនួន២ គឺភូមិពូហ្យាម និងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នៅពេញ១ថ្ងៃ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមបច្ចេកទេសទាំង៤នាក់ បានចុះប្រតិបត្តិការពិនិត្យ និងពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកគីមីទាំង១០គ្រាប់នៅខេត្តមណ្ឌលគីរីនោះ។
លោកឧត្តមសេនីយ៍បន្តថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានចាកចេញពីខេត្តមណ្ឌលគិរី មកកាន់ខេត្តត្បូងឃ្មុំ ដើម្បីបន្តពិនិត្យ និងពិសោធន៍សារធាតុគីមីក្នុងគ្រាប់បែកគីមី ដែលបានរកឃើញចំនួន២គ្រាប់ ក្នុង នៅភូមិស្រែសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយប្រតិបត្តិការបញ្ចប់ នៅរសៀលថ្ងៃដដែលនោះ។
លោកអគ្គលេខាធិការរងបន្តទៀតថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្រុមបច្ចេកទេសរបស់អង្គការ OPCW ក៏ចាកចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីបន្តប្រតិបត្តិការពិនិត្យ និងពិសោធន៍គ្រាប់បែកគីមី ដែលរកឃើញ នៅទីនោះចំនួន២៩ទីតាំង។ ពេញ១ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្រុមបច្ចេកទេសអាចពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី បានចំនួន១៥គ្រាប់ ខណៈ១៤គ្រាប់ទៀតត្រូវបានពិនិត្យ និងវាយតម្លៃបញ្ចប់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍បន្តថា បន្ទាប់ពីបញ្ចប់ការពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី នៅខេត្តស្វាយរៀង ដែលជាខេត្តចុងក្រោយរួចមក ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានចាកចេញពីខេត្តស្វាយរៀង ត្រឡប់មកដល់ភ្នំពេញវិញ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រកបដោយសុវត្ថិភាព។
បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ កេ ដា ចំពោះលទ្ធផលនៃការពិនិត្យ និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមេរិកនោះ អាចនឹងត្រូវក្រុមបច្ចេកទេសរបស់អង្គការ OPCW ប្រកាសជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
សូមជម្រាបថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីមកពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមេរិក តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីរកឃើញគ្រាប់បែកគីមី ជាច្រើនគ្រាប់ និងរួមទាំង បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕
<img alt="" src="http://image.freshnewsasia.com/2017/006/12/fn-2017-12-15-07-59-23-10.jpg" width="730" pagespeed_url_hash="3921511654"