(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ច រុស្ស៊ី-សិង្ហបុរី នៃសហព័ន្ធរុស្ស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union-EAEU) ឆ្នាំ២០១៧ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
វេទិកាធុរកិច្ចនេះ ត្រូវបានធ្វើឡើងក្រោមសហប្រធាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកស្រី Tatiana VALOVAYA សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងមានការចូលរួមពី តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតរបស់ប្រទេសសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងមកពីវិស័យឯកជន នៃភាគីទាំងពីរ សរុប១៥០នាក់។
បើតាមលោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ វេទិកានេះ មានគោលដៅបើកផ្លូវឲ្យអាជីវករ និងវិនិយោគិនរបស់ភាគីទាំងពីរ ដើម្បីស្វែងរកឱកាស និងបង្កើតសម្ព័ន្ធភាពថ្មី ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃភាគីទាំងពីរ។
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជន នៃភាគីទាំងពីរមានសារៈសំខាន់ណាស់ ដោយវិស័យឯកជន ជាអ្នកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឲ្យកាន់តែទូលំទូលាយ និងជាពិសេសគាំទ្រ ក្នុងការបើកទីផ្សារថ្មី តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Cambodia-EAEU FTA) ដែលនឹងបង្កើតនូវឱកាសដ៏សម្បូរបែប សម្រាប់វិស័យឯកជនពីកម្ពុជា និងប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។
លើសពីនេះទៀត គណៈប្រតិភូសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែម អំពីរោងចក្រ និងសហគ្រាសនានា ដែលកំពុងមានប្រតិបត្តិការនៅទីនោះ ក៏ដូចជាសក្តានុពល និងអត្ថប្រយោជន៍ផ្សេងៗ ដែលតំបន់សេដ្ឋកិច្ចនេះផ្តល់ជូន៕