(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែធ្នូនេះ បានបន្ដដឹកនាំក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល ចុះមកពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ជិត៥០០នាក់ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី បានថ្លែងថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់ចំពោះសុខភាពគ្រប់ពេលវេលា ពិសេស ត្រូវមកពិនិត្យព្យាបាលជំងឺ ឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ត្រូវពិសាថ្នាំ ទៅតាមកាលកំណត់ រក្សាអនាម័យឲ្យបានល្អ ក្នុងការរស់នៅ បរិភោគ និងបរិស្ថានជុំវិញផ្ទះ។ លើសពីនោះ បងប្អូនត្រូវ ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាមផងដែរ សូមស្លៀកពាក់ខោអាវ ឲ្យកូនចៅតូចៗឲ្យបានជិតៗខ្លួន ហើយក្រុមការងាររបស់យើង នឹងចុះមកបាញ់ថ្នាំមូសជូនបងប្អូន បើសិនជាបងប្អូនត្រូវការ ហើយលោកតា លោកយាយ ហាមដាច់ខាត កុំឲ្យកូនចៅ សេព ឬជៀសឲ្យឆ្លាយពីគ្រឿងញៀន»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ក្រុមគ្រូពេទ្យរបស់យើង នឹងបន្ដចុះមកពិនិត្យព្យាបាលជំងឺ ជូនបងប្អូនបន្ថែមទៀត ជាមួយឧបករណ៍ទំនើបៗ និងឱសថជូនប្រជាពលរដ្ឋ ដោយមិនទុកប្រជាពលរដ្ឋយើងចោលនោះទេ ទោះជំងឺអ្វីក៏ដោយ យើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីព្យាបាលបងប្អូនឲ្យជាសះស្បើយ ស្របទៅតាមប្រសាសន៍ និងការយកចិត្ដទុកដាក់ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែដាក់អនុសាសន៍ឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវជួយសម្រាលការលំបាករបស់បងប្អូនយើង គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ »។
ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏បានសម្ដែងនូវការសប្បាយចិត្ដ និងស្នើឲ្យក្រុមគ្រូពេទ្យ បន្ដមកចុះពិនិត្យ-ព្យាបាលជូនពួកគាត់ ឲ្យបានច្រើនដងទៀត ដើម្បីជួយព្យាបាលជំងឺជូនពួកគាត់ផង និងជួយសម្រាលទុកលំបាកក្នុងការចំណាយថវិការបស់គាត់ផងដែរ ។
ការពិនិត្យសុខភាព ជូនប្រជាពលរដ្ឋនៅថ្ងៃនេះ រួមមានជំងឺ៖ សេវាពិនិត្យសុខភាពទូទៅ, សុខភាពមាត់ ធ្មេញ, សេវាពិនិត្យសុខភាពភ្នែក និងផ្តល់វ៉ែនតា, ពិនិត្យផ្ទៃពោះ, សេវាមន្ទីរពិសោធន៍ និងសេវាព្យាបាលដោយចលនា៕