(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមយុវជន «Ignite» ដែលសហការជាមួយ ក្រុមហ៊ុន «Outsources» បានរៀបចំកម្មវិធីនិយាយជាសាធារណៈ «Ignite Phnom Penh» រួមនិងដៃគូសហការឧត្តម បានរៀបចំកម្មវិធីចែករំឡែកបទពិសោធន៍មួយនិយាយជាសាធារណៈ ដោយក្នុងនោះបាននាំវាគ្មិនសុទ្ធតែមានបទពិសោធន៍ចំនួន៨រូប មកធ្វើបទបង្ហាញ អំពីបទបពិសោធន៍ដែលវាគ្មិនទាំងអស់ធ្លាប់មានកន្លងមក ដើម្បីចែកជូនដល់សិស្សនិស្សិត រួមទាំងនិយោជិតមកពីស្ថាប័នផ្សេងៗគ្នា ប្រមាណជាជិត៤០នាក់។
ឱកាសនោះ លោក ជា សុខហ៊ី ជាអ្នកដឹកនាំក្រុមវាគ្មិនទាំង៨រូបនោះ បានឲ្យដឹងថា «គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសអោយសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួន ដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ ហើយប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន»។
កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនជាច្រើនរូបមកពីគ្រប់ស្ថាប័ន ដោយមានវាគ្មិនមួយចំនួន ជាអ្នកដែលមានបទពិសោធនៅក្នុងសង្គមជាច្រើនឆ្នាំ និងវាគ្មិនមួយចំនួនទៀត គឺជាសិស្សានុសិស្សដែលមកពីសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅក្នុងទីក្រុងភ្នំពេញ ដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួនក្នុងកម្មវិធីនេះ។
ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺ វាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ៥នាទី និងស្លាយ(Slide)។ ចំនុចនេះ គឺតម្រូវអោយវាគ្មិននីមួយៗ មានការទ្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយអោយពួកគាត់អាចគ្រប់គ្រងពេលវេលា ក្នុងការធ្វើបទបង្ហាញអោយបានល្អ។
សូមជម្រាបថា «Ignite Talks» គឺជាកម្មវិធីនិយាយជាសាធារណៈមួយ ដែលបានបង្កើតឡើងនៅឆ្នាំ២០០៦ នៅទីក្រុងស៊ាថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិច ដោយលោក Brady Forrest និង លោក Bre Pettis។ ហើយនាឆ្នាំ២០១៦ «Ignite Talks» ត្រូវបាននាំមកកាន់ប្រទេសកម្ពុជា ដែលមានឈ្មោះថា «Ignite Phnom Penh»។ ឆ្នាំ២០១៨ខាងមុខនេះ «Ignite Phnom Penh» នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៣ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅសាលមជ្ឈមណ្ឌលវប្បធម៌កម្ពុជាកូរ៉េ (CKCC)៕