(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងឲ្យដឹងថា វត្តមានបវរកញ្ញាសាកលវិទ្យាល័យពិភពលោកដែលមកពី៨២ប្រទេស ដែលមានបវរកញ្ញាចំនួន៨៦រូប នឹងជួយផ្សព្វផ្សាយឲ្យពិភពលោក ស្គាល់ពីកម្ពុជា កាន់តែច្រើនឡើងថែមទៀត។
លោកបានបន្ថែមថា អ្នកទាំងអស់គ្នាបានមកស្នាក់នៅប្រទេសកម្ពុជា អ្នកទាំងអស់គ្នានឹងបានសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធ៌មដ៏រុងរឿង កេរ្តិ៍ដំណែលដ៏យូរអង្វែង និងប្រពៃណីដ៏សម្បូរបែប ជាពិសេសនោះកម្ពុជា ជាប្រភពវប្បធ៌មដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍ រួមទាំងបានទស្សនានូវតំបន់វប្បធ៌មនានាដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទសម្បូរព្រៃគុក តំបន់ទេសចរធម្មជាតិ ក៏ដូចជា ទស្សនាហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងរីកស្កឹមស្កៃ ក្នុងរាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធី វេទិកាបវកញ្ញាឯកសាកលវិទ្យាល័យពិភពលោក យុវជន និងសន្តិភាព ក្រោមពាក្យស្លោក «ដើម្បីសន្តិភាព ការស្រឡាញ់ និងមនុស្សធម៌» ដោយរៀបចំធ្វើនៅអគារវឌ្ឍនៈ ក្នុងរាជធានីភ្នំពេញនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត តំណាងឲ្យយុវជនកម្ពុជា និងក្នុងនាមជាម្ចាស់ផ្ទះ បានសម្តែងអារម្មណ៍រំភើបរីករាយ ដែលបានឃើញ វត្តមានរបស់បវរកញ្ញាទាំងអស់គ្នា ដែលបានមកដល់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានរំលឹកឲ្យដឹងថា ប្រសិនបើយើងប្រៀបធៀបកម្ពុជា កាលពី៣០ឆ្នាំមុន និងបច្ចុប្បន្នពិតជាមានការខុសគ្នាឆ្ងាយណាស់។ ជម្រើសរបស់មនុស្សជំនាន់មុន (ជំនាន់ឪពុកម្តាយយើង) គឺធ្វើយ៉ាងណាដើម្បីគឺរស់រានមានជីវិត ព្រោះថាក្នុងពេលនោះ ប្រជាពលរដ្ឋខ្មែរទូទៅ មិនមានសុខសន្តិភាពគឺ រស់នៅរបស់ពួកគាត់ស្ថិតនៅក្នុងការភ័យខ្លាច មិនមានឱកាសផ្សេងក្រៅតែពីការតស៊ូ ខុសពីយុវជនសម័យបច្ចុប្បន្ននេះដែលមានជម្រើសច្រើន និងអ្វីៗគ្រប់យ៉ាង។
ជាចុងក្រោយលោក ហ៊ុន ម៉ាណែត បានបន្ថែមថា មោទនភាពរបស់កម្ពុជា ដែលបវរកញ្ញាសាកលវិទ្យាល័យពិភពលោកបាន សម្តែងនូវអារម្មណ៍សោកស្តាយ ឈឺចាប់ចំពោះឧក្រិដ្ឋកម្មសង្គា្រម កាលពីអតីតកាល ហើយបង្ហាញ នូវមោទនភាព ការគាំទ្រ និងកោតសរសើរចំពោះសុខសន្តិភាព និងការអភិវឌ្ឍដែលកើតនៅក្នុងទឹកដីរបស់កម្ពុជា ដែលជាឱកាសគ្រប់បែបយ៉ាងសម្រាប់យុវជនជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ហើយពួកគេពិតជាមិនជាមិនចង់ឃើញ មិនចង់ឱ្យសង្គ្រាមកើតមាន នៅក្នុង បណ្តាប្រទេសដទៃនិងនៅលើពិភពលោកឡើយ៕