(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងជំនាញអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអាង ចុះបង្រ្កាបទីតាំងបើកល្បែងជល់មាន់មួយកន្លែង ស្ថិតនៅចំណុចភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម។
ស្នងការខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងជល់មាន់នេះ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ លទ្ធផលបង្រ្កាបនេះ បានឃាត់ខ្លួណមុខសញ្ញាអ្នកលេងល្បែង ចំនួន០២នាក់ ឈ្មោះ ស៊ត កុយ អាយុ៤៥ឆ្នាំ និងឈ្មោះ ហ៊ត គឹមហ៊ន់ អាយុ៣៨ឆ្នាំ ដកហូតបានម៉ូតូចំនួន១១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ក្រោយប្រតិបត្តិការបង្ក្រាប វត្ថុតាង និងក្រុមអ្នកជល់មាន់២នាក់នោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕