(កំពត)៖ យុវសិស្សជានារី នៃវិទ្យាល័យ «ហ៊ុន សែន អង្គស្តុក» ប្រមាណ១១នាក់ បានដួលសន្លប់ដេកស្តូកស្តឹងជាបន្តបន្ទាប់ នៅក្នុងបន្ទប់រៀន និងក្នុងបរិវេណសាលា ដោយមិនដឹងអំពីមូលហេតុអ្វីឡើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចសាលាវិទ្យាល័យខាងលើ ស្ថិតក្នុងភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ។
មន្ត្រីនគរបាលស្រុកអង្គរជ័យ បានប្រាប់ឲ្យដឹងថា «កាលពីព្រឹកមិញនេះ ពិតជាមានករណីសិស្សសាលាវិទ្យាល័យ បានដួលសន្លប់ជាបន្តបន្ទាប់មែន។ ក្រោយសមត្ថកិច្ចទទួលដំណឹងនេះភ្លាម កម្លាំងក៏បានចុះដល់គោលដៅ និងបញ្ជូនសិស្សរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដោយលើកទី១ មានសិស្សនារី ចំនួន០៦នាក់ និងបន្ទាប់មកលើកទី២ សិស្សស្រីចំនួន០៥នាក់ទៀត»។
មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះទាំងអស់រហូតមកដល់វេលានេះ ជំនាញរកមិនទាន់ឃើញពីមូលហេតុ ដែលនាំឱ្យមានករណីដួលដន្លប់នេះនៅឡើយទេ។ តែទោះជាយ៉ាងណា មន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច កំពុងស្វែងយល់ និងស្រាវជ្រាវ ដើម្បីរកមូលហេតុ នៃការកើតករណីខាងលើនេះហើយ៕