(ប៉ៃលិន)៖ ពេញមួយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន ក្នុងនោះក៏មានត្រីទីឡាប់យ៉ាថៃ ដែលនាំចូលតាមម៉ូតូតែលទ្ធផលពុំឃើញ មានសារធាតុហាមឃាត់ឡើយ រួចបានបន្តចុះពិនិត្យនៅតាមផ្ទះ ស្ថិតនៅភូមិក្បាលព្រលានសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលសាខាខេត្តប៉ៃលិន បានថ្លែងថា ការបំពេញកាតព្វកិច្ច គឺដើម្បីអង្គភាព និងបំរើប្រជាពលរដ្ឋដោយស្នាមញញឹមពេញបេះដូង ជាមួយសហការីក្រោមឱវាទយ៉ាងស្និតស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច។ នាពេលនេះដែរមន្ត្រីជំនាញ់យើង បានរកឃើញទំនិញវេចខ្ចប់ខូចគុណភាព និងហួសរយៈពេលប្រើប្រាស់មួយចំនួន រួមមាន៖ ទឹកផ្លែឈើ មីកំប៉ុង ទឹកក្រូចដបជ័រ ស៊ុបដុំខ្នរ និងទឹកក្រូចកំប៉ុង យកមករក្សាទុកនៅស្នាក់ការ ហើយនៅរសៀលថ្ងៃដដែល បានបន្តដុតកំទេចទំនិញខូចគុណភាព ដែលរក្សាទុកកន្លងមកជិត៧០០គីឡូក្រាម ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត។
លោកប្រធានកាំកុងត្រូលខេត្តថ្លែងបន្តថា យោងតាមចំណារឯកភាពលិខិតដុតកម្ទេចចោល និងដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពិសេសមានការដឹកលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកកាំកុងត្រូល បានផ្តល់អនុសាសន៍ដល់មន្ត្រីកាំកុងត្រូលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងការងារត្រួតពិនិត្យឲ្យបានជាប្រចាំ ទាំងនៅតាមមាត់ច្រកទ្វារព្រំដែន និងនៅលើទីផ្សារ ដើម្បីធានាឲ្យបាននូវសុខភាពប្រជាជន និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។
ក្នុងនោះក្រុមមន្រ្តីកាំកុងត្រូល បានរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ (ឧទាហរណ៍ បើប្រជាជនទិញទំនិញ ដែលខូចគុណភាពយកទៅបរិភោគ បង្កឲ្យឈឺស្កាត់ ដូចជា ចុកពោះរាគរុះ ឬបណ្តាលឲ្យចុកពោះក្អួតចង្អោរជាដើម ពេលនោះនឹងទៅរកការព្យាបាល)។
ជាមួយគ្នានេះ លោកប្រធានសាខាកាំកុងត្រូល ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តទាំង មន្ទីរពាណិជ្ជកម្ម ដែលជានិច្ចកាល បានចុះសហការល្អជាមួយមន្ត្រីកាំកុងត្រូល នាពេលកន្លងមក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានសហការ និងសម្របសម្រួលនូវរាល់កិច្ចការដែលមន្ត្រីសាខាកាំកុងត្រូល ចុះអនុវត្តការងារត្រួតពិនិត្យគុណភាពទំនិញជាចំណីអាហារ និងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងខូចគុណភាពនាពេលកន្លងមកសម្រេចបានលទ្ធផលជោគជ័យជាផ្លែផ្កាគួរឲ្យកត់សម្គាល់៕