(ភ្នំពេញ)៖ ផ្សារច្បារអំពៅ នាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ដោយកែលម្អនូវបញ្ហា និងរូបភាពអសកម្មមួយចំនួន ក្រោមការដឹកនាំរបស់លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅថ្មី ដែលមានការចង្អុលបង្ហាញពីអភិបាលខណ្ឌច្បារអំពៅ។
លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ និងលោក គួច ចំណាន នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះពិនិត្យការស្ថាបនាប្រព័ន្ធលូ ក្នុងផ្សារច្បារអំពៅ ដោយបានលើកផ្លូវកម្ពស់ពីរតឹក ដាក់លូគម្របងាយស្រួលស្តារ និងបង្ហូរទឹកដើម្បីបញ្ជៀសការជន់លិចក្នុងផ្សារ ដែលតែងកើតឡើងកន្លងមក។
ក្នុងពេលពិនិត្យការស្ថាបនាប្រព័ន្ធលូនេះ លោក គួច ចំណាន អំពាវនាវឱ្យអាជីវករត្រូវរក្សាអនាម័យ សណ្តាប់ធ្នាប់ក្នុងផ្សារ។ ប្រធានគណៈកម្មការផ្សារច្បារអំពៅ សូមឱ្យអាជីវករ ដាក់តាំងលក់ទំនិញតាមគំនូសដែលបានកំណត់ ចៀសវាងការលយចេញមកលើផ្លូវ ដែលបង្កការកកស្ទះ ពិបាកធ្វើដំណើរទិញទំនិញពីប្រជាពលរដ្ឋ ណាមួយការចង្អៀតនេះ ជាឱកាសរបស់ក្រុមចោរលូកហោប៉ាវផងដែរ។
ជាមួយគ្នានេះលោក ថេង សុថុល មានគម្រោងដាក់ប្រព័ន្ធលូមេមួយខ្សែចេញពីផ្សារច្បារអំពៅ ដល់ផ្លូវលេខ៣៦៩ ដែលមានមុខកាត់ទំហំមួយម៉ែត្រកន្លះ ដើម្បីបញ្ជៀសការជន់លិចក្នុងបរិវេណផ្សារផងដែរ ។ ដើម្បីសោភ័ណភាពផ្សារ អនាម័យល្អ សណ្តាប់ធ្នាប់ល្អ និងគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ គណៈកម្មការផ្សារអំពៅ រៀងរាល់មួយខែម្តង ក៏មានការលាងសំអាតផ្សារច្បារអំពៅផងដែរ ។
ក្នុងឱកាសនោះដែរលោក ថេង សុថុល ក៏បានណែនាំឲ្យគណៈកម្មការផ្សារ រៀបចំលាបថ្នាំដំបូលផ្សារ និងបរិវេណជុំវិញដំបូលផ្សារឲ្យមានសោភ័ណភាពល្អឡើងវិញផងដែរ។ ក្រុមអាជីវករ សម្តែងការសាទរចំពោះការដឹកនាំរបស់លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារអំពៅយ៉ាងខ្លាំង៕