(សៀមរាប)៖ កម្លាំងកាំកុងត្រូល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងផ្សារបានចុះអង្កេត និងពិនិត្យទំនិញ ដែលកំពុងដាក់តាំងលក់នៅផ្សារចាស់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាម្ហូប អាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១៤មុខ រួមមាន៖ គុយទាវសរសៃតូច គុយទាវសរសៃធំ មីលឿង លត សណ្តែកបណ្តុះ ប្រហិតសាច់ត្រី ក្រួចក្លាសេ បង្កងក្លាសេ គ្រឿងសមុទ្រក្លាសេ ប្រភេទជ្រក់ បង្អែមលតអង្ករ និងបង្អែមនំ បាញ់ឌុក ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផលផលិតផល បង្អែមនំបាញ់ឌុកត្រូវបានវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត និងកម្ទេចចោលភ្លាមៗ។
ចំណែកអ្នកលក់ និងជាអ្នកផលិតផ្ទាល់ កម្លាំងកាំកុងត្រូលបានឲ្យគាត់ធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ដោយបញ្ឈប់ជាបន្ទាន់នូវការដាក់លាយបន្ថែម សារធាតុគីមីហាមឃាត់ ករណីមិនរាងចាលនឹងចាត់ការតាមនីតិវិធីច្បាប់។
បើតាមមន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាតរបស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពធ្វើឡើងជាប្រចាំ និងមានគោលការណ៍ច្បាស់លាស់ ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះគឺប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង ស្តាម៉ាតនានាទូទាំងប្រទេស រកសារធាតគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕