(ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន GCM ក្រឡាប់ផ្ងារជើង ហើយជ្រុលទៅបុករថយន្តព្រុស និងរថយន្តកូរ៉េ បណ្ដោយឲ្យរងការខូចខាត តែសំណាងល្អមិនមនុស្សរងរបួសនោះឡើង។ ហេតុការណ៍កើតឡើងនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ​សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

​ប្រភព​​ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCM មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ5A-0283 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបើកគេចពីរថយន្តមួយគ្រឿង នៅខាងមុខហើយបានបួងចង្កូតរថយន្តបណ្ដោយឲ្យក្រឡាប់ផ្ងារជើង ហើយជ្រុលទៅបុក​រថយន្តព្រុស និងរថយន្តកូរ៉េមួយគ្រឿងទៀត បណ្ដោយឲ្យរងការខូចខាត តែសំណាងល្អមិនមនុស្សរងរបួសនោះឡើង។

ក្រោយកើតហេតុកម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន ​បាន​បញ្ជូន​រថយន្តបង្ក​ខាងលើ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយតាមច្បាប់៕