(ភ្នំពេញ)៖ សហភាពសហជីពយុវជនកម្ពុជាការពារសិទ្ធិកម្មករកម្ពុជា ហៅកាត់ថា ស.ស.យ.ក.ក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ក្រុមអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា។
តាមសេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ទង្វើ និងសកម្មភាពទាំងនេះ គឺគ្មានអ្វីក្រៅពីការស្រែកឃ្លានអំណាចដោយគ្មានកេរ្ដិ៍ខ្មាស់របស់ក្រុមអតីតមេដឹកនាំ អតីតគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ។
បើតាមសហជីពធំមួយនេះ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវមានវិធានការចាំបាច់ចំពោះក្រុមបំផ្លាញជាតិកម្ពុជាទាំងអស់នេះ ដោយស្នើសុំរាជរដ្ឋាភិបាលបង្កកទ្រព្យសម្បតិ្ដទាំងអស់ របស់អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងសាលដីកាស្ថាពររបស់តុលាការកំពូល និងបិទទិដ្ឋាការចេញចូលកម្ពុជា និងហាមឃាត់ចំពោះការសុំផ្ទេរទ្រព្យសម្បតិ្ដទាំងអស់។
ជាមួយគ្នានេះ សហភាពសហជីពយុវជនកម្ពុជាការពារសិទ្ធិកម្មករកម្ពុជា អំពាវនាវឲ្យសហភាពអឺរ៉ុប និងក្រុមហ៊ុនបញ្ជាទិញទាំងអស់ បន្ដបើកទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាជាធម្មតា និងស្នើសុំសហភាពអឺរ៉ុបបន្ថែមការនាំចូលសម្លៀកបំពាក់ពីកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឲ្យកម្មករនិយោជិត និងពលរដ្ឋកម្ពុជា មានជីវភាពរស់នៅកាន់តែធូធារ ក្រោមដំបូលសុខសន្ដិភាព និងការអភិវឌ្ឍ ដែលដឹកនាំដោយបុរសខ្លាំងតេជោ សែន៕