(ភ្នំពេញ)៖ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះថា នៅម៉ោង១១យប់នេះ លោកនឹងត្រូវដឹកនាំប្រតិភូជាន់ខ្ពស់ អាជ្ញាធរមីនកម្ពុជា រួមទាំងតំណាងប្រតិបត្តិករដោះមីន មកពីស៊ីម៉ាក់ និង មជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ចេញទៅចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា លើកទី១៦ នៅប្រទេសអូទ្រីស។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កិច្ចប្រជុំនោះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានប្រទេសដែលជាការចូលរួម ពីសមាជិកនៃអនុសញ្ញាចំនួន១៦២ប្រទេស ក្រោមការរៀបចំកិច្ចប្រជុំ ដោយអង្គការសហប្រជាជាតិ។
អនុប្រធានទី១អាជ្ញាធរមីនរូបនេះ បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនោះលោកនឹង លើកយកស្ថានភាពដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ប្រាប់ដល់ប្រទេសជាសមាជិក ជាមួយនឹងការផ្សព្វផ្សាយនូវ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ពីកម្ពុជា នៅឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងអះអាងទៀតថា ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនោះ លោកនឹងប្រកាសប្រាប់ពិភពលោក ពោលគឺប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា ទាំង១៦២ប្រទេស អំពីវត្តមានរបស់គ្រាប់បែកគីមីរបស់អាមេរិក ដែលកម្ពុជាបានរកឃើញជាច្រើនគ្រាប់ នៅខេត្តមួយចំនួន ដែលបាននឹងកំពុងគំរាមកំហែងដល់អាយុជីវិត របស់ប្រជាពលរដ្ឋស្លូតត្រង់។
ជាមួយគ្នានេះ លោកនឹងយកឱកាសនោះ ថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងអង្គការហាមឃាត់អាវុធគីមី (OPCW) ដែលបានបញ្ជូនមន្ត្រីបច្ចេកទេសរបស់ខ្លួន មកពិនិត្យនិងវាយតម្លៃគ្រាប់បែកគីមីដែលទម្លាក់ដោយសហរដ្ឋអាមេរិក ក្នុងខេត្តចំនួន៣ គឺមណ្ឌលគិរី ត្បូងឃ្មុំ និងស្វាយរៀង។
លោកនឹងប្រើប្រាស់ពេលវេលា ជួបពិភាក្សាទ្វេភាគី ជាមួយនិងបណ្តាប្រទេសធំៗមួយចំនួននៅក្នុងពិភពលោក ដែលមានរួម ចិន ជប៉ុន អាមេរិក នឹងប្រទេសតំបន់អឺរ៉ុបជាដើម ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា និងកៀរគររកជំនួយ ដើម្បីជួយដល់វិស័យដោះមីននៅកម្ពុជាផងដែរ។
លើសពីនេះទៅទៀតនោះ លោកទេសរដ្ឋមន្ត្រី បានអះអាងថា ក្នុងពីពេលជួបជាមួយបណ្តាប្រទេសនានា ក្នុងសហគមន៍អឺរ៉ុប លោកនឹងបញ្ជាក់ប្រាប់ពួកគេអំពីស្ថានការណ៍ពិតនៅប្រទេសកម្ពុជា ដោយនឹងលើកយកចំណុចបី ដើម្បីឆ្លៀតឱកាសសង្កត់ជូនពួកគេ៖ទី១ ថាតើពួកគេស្គាល់ចរិតពិតប្រាកដរបស់បក្សប្រឆាំងនៅកម្ពុជាហើយឬនៅ? ទី២៖ នឹងសួរពួកគេថា ពួកគេនៅកម្ពុជាគួរត្រូវធ្វើការជាមួយបក្សប្រឆាំង ឬត្រូវធ្វើការជាមួយរាជរដ្ឋាភិបាល ស្របច្បាប់ដែលចេញមកពីការបោះឆ្នោត? ទី៣ លោកធ្វើឲ្យពួកគេ ស្គាល់នូវប្រវត្តិពិតប្រាកដនៃមេដឹកនាំបក្សប្រឆាំង ដូចជាមេដឹកនាំបក្សប្រឆាំង សម រង្ស៊ី មានប្រវត្តិជាកូនអ្នកក្បត់ជាតិ ដែលប្រជារាស្ត្រកម្ពុជា អ្នកណាក៏ស្គាល់ សម សារី ជាជនក្បត់ជាតិ។ ដូច្នេះការធ្វើនយោបាយរបស់ សម រង្ស៊ី ដែលតាំងខ្លួនជាបក្សប្រឆាំង នៅប្រទេសកម្ពុជានោះ គឺប្រទេសកម្ពុជា មិនអាចនឹងនៅបានសុខទេ ដោយហេតុថា សម រង្ស៊ី ធ្វើនយោបាយសងសឹក ដែលជានយោបាយមានគ្រោះថ្នាក់ចំពោះជាតិ ចង់រាជរដ្ឋាភិបាលធ្វើល្អ ធ្វើត្រូវក៏មិនកើតដែរ ដោយហេតុ នយោបាយ សម រង្ស៊ី គឺសងសឹកជួស ឪពុករបស់ខ្លួន ដែលជាគំនុំផ្ទាល់ខ្លួន ដែលជ្រកក្រោមរូបភាពសេរីភាព និងប្រជាធិបតេយ្យ៕