ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី, ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ ការបោះទុនវិនិយោគលើវិស័យឯកជន មានតម្លៃជាង៤ពាន់ លានដុល្លារ
16-12-2017 16:15
(ភ្នំពេញ)៖ វេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (The Cambodia-EAEU Business Forum 2017) ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។
ពិធីដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក៏មានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី តាទីនា វ៉ាលូវ៉ាយ៉ា សមាជិកក្រុមប្រឹក្សាភិបាល អ៊ីអ៊ីស៊ី និងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ បានឲ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្នវិស័យសំណង់ គឺជាវិស័យមួយដែលលេចធ្លោ និងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយអ្នកវិនិយោគទាំងក្នុងប្រទេស និងបរទេស កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យនេះ ហើយបើធៀបនឹងប្រទេសក្នុងអាស៊ាន ប្រទេសកម្ពុជានៅមានឱកាសក្នុងការវិនិយោគយ៉ាងទូលំទូលាយលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ននានា។
បើតាមលោកឧកញ៉ា គិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ ការបោះទុនវិនិយោគលើវិស័យឯកជនមកពីបរទេស មានចំនួន៣០៩គម្រោង ស្មើនឹងជាង១៣លានម៉ែត្រក្រឡា ដែលមានតម្លៃវិនិយោគប្រមាណជាង៤ពាន់លានដុល្លារ ដែលវិនិយោគមកពី១៨ប្រទេស ក្នុងនោះប្រទេសចិនស្ថិតលំដាប់ថ្នាក់លេខ១ ប្រទេសកូរ៉េលេខ២ ប្រទេសជប៉ុនលេខ៣ ប្រទេសសឹង្ហបុរីលេខ៤ និងប្រទេសថៃលេខ៥។
បន្ថែមពីនេះ លោកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកទាំងងស់ ឲ្យក្រឡេកមើល និងពិចារណាលើការវិនិយោគក្នុងប្រទេសកម្ពុជា ជាប្រទេសមួយដែលមានទីតាំងយុទ្ធសាស្ដ្រ ក៏ដូចជាចក្ខុវិស័យមួយដ៏ត្រឹមត្រូវក្នុងការវិនិយោគ៕