(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការមិនយល់ស្រប និងមានការសោកស្តាយ ចំពោះ «សេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ» នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។  

ក្នុងសេចក្តីថ្លែងការណ៍រដ្ឋសភាកម្ពុជា ក៏បានភ្លឺ និងពន្យល់ជូនសភាអឺរ៉ុបផងដែរ ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់សុទ្ធសាធ។  

សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជាមានខ្លឹមសារសំខា​ន់ៗចំនួន៨ចំណុចដូចខាងក្រោម៖  

១៖ គណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តអំពើទុច្ចរិត ដូចជាអំពើវិទ្ធង្សនា ចំពោះលទ្ធផលនៃការបោះឆ្នោត បង្កឱ្យមានអសន្តិសុខ និងចលាចលនៅទូទាំងប្រទេស ធ្វើសកម្មភាពនាំឱ្យមានការរើសអើងពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិជាដើម ដោយប្រើប្រាស់កម្លាំង មហាជនដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់ ដោយមានបរទេសជាអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវិធីនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ អំពើទាំងនេះគឺជាបទល្មើសយ៉ាងធ្ងន់ធ្ងរ ផ្ទុយទាំងស្រុងនឹងការប្រកួតប្រជែង តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ តុលាការកំពូល បានសម្រេចរំលាយគណបក្សនេះ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

២៖ ការរំលាយគណបក្សនយោបាយនៅកម្ពុជា គឺអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ ដូចដែលបណ្តាប្រទេសមួយចំនួន ធ្លាប់បានរំលាយគណបក្សនយោបាយ ផ្អែកតាមច្បាប់របស់ប្រទេសខ្លួនដែរ។ ច្បាប់ទាំងនេះ ក៏មានខ្លឹមសារស្រដៀងគ្នាទៅនឹងខ្លឹមសារ នៃគោលការណ៍ណែនាំស្តីពីការហាមប្រាម និងការរំលាយគណបក្សនយោបាយ និងវិធានការប្រហាក់ប្រហែលឆ្នាំ១៩៩៩ របស់គណៈកម្មការអឺរ៉ុបដើម្បីលទ្ធិប្រជាធិបតេយ្យតាមច្បាប់នៃក្រុមប្រឹក្សាអឺរ៉ុប ត្រង់ចំណុច II-1-2-3-4-5 ផងដែរ។

៣៖ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសជាក់ស្តែងមាន ចែងក្នុងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។ ករណីរបស់លោក កឹម សុខា កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលកំពុងអនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។  

៤៖ តើការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យបែបថ្នាក់ដឹកនាំ គណបក្សប្រឆាំងជាអំពើស្របច្បាប់ដែរឬទេ? បើកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម តើអ្នកណាជាជនរងគ្រោះពិតប្រាកដ? ហើយ តើសភាអឺរ៉ុប នឹងការពារសិទ្ធិរបស់មេដឹកនាំទុច្ចរិតទាំងនេះ ឬក៏ការពារសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ?

៥៖ កម្ពុជាប្តេជ្ញាគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ភស្តុតាងជាច្រើនបានបង្ហាញ ពីការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា មានជាអាទិ៍ សន្តិភាព ស្ថេរភាព នយោបាយ សេរីភាពក្នុងការបញ្ចេញមតិនិងសកម្មភាពនយោបាយ សកម្មភាពសង្គមស៊ីវិល កំណើន សេដ្ឋកិច្ច៧ភាគរយប្រចាំឆ្នាំ ចំណូលមនុស្សម្នាក់ៗ ១ ៤១៥ ដុល្លារអាមេរិក អត្រានៃភាពក្រីក្របាន ធ្លាក់មកត្រឹម១៣ភាគរយនៅឆ្នាំ២០១៦ និងការកែលម្អកាន់តែប្រសើរនៃលក្ខខណ្ឌការងារ។

៦៖ កម្ពុជាស្វាគមន៍រាល់ជំនួយ ឧបត្ថម្ភនានា សម្រាប់ការរៀបចំការបោះឆ្នោត និងប្តេជ្ញាចិត្តនឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានគណបក្សដែលមាននិន្នាការនយោបាយផ្សេងៗចូលរួមប្រកួតប្រជែង។ ការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្ម មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាព លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

៧៖ ប្រសិនបើសភាអឺរ៉ុបដកភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែន នោះគឺមានន័យថា អឺរ៉ុបមិនបានគិតគូរពីសិទ្ធិនៃការរស់នៅ និងសុខុមាលភាពរបស់កម្មករ-កម្មការិនីរាប់សែននាក់ ដែលអាចនឹងទទួលរងផលប៉ះពាល់ដោយ សារការសម្រេចដោយអយុត្តិធម៌បែបនេះ។ រដ្ឋសភាកម្ពុជាជឿជាក់ថា សភាអឺរ៉ុបនឹងមិនយកបញ្ហានេះដើម្បីធ្វើការសម្រេចចិត្តដែលមានលក្ខណៈនយោបាយទេ ប៉ុន្តែនឹងផ្តល់សារសំខាន់ ដល់ផលប្រយោជន៍ទូទៅរបស់កម្មករ-កម្មការិនី។

៨៖ កម្ពុជាជារដ្ឋអធិបតេយ្យ មានសិទ្ធិស្វ័យសម្រេច ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ រដ្ឋសភាកម្ពុជាសង្ឃឹមថា សភាអឺរ៉ុបគួរស្វះស្វែងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី មុននឹងធ្វើការសម្រេចចិត្តណាមួយ ដោយមិនគួរធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានលម្អៀង ដែលបានមកពីភាគីតែម្ខាងនោះទេ។ 

រដ្ឋសភាកម្ពុជារំពឹងថា កម្ពុជានិងសហភាពអឺរ៉ុបនឹងនៅតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អផ្អែកលើផលប្រយោជន៍ទៅវិញទៅមក៕