(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បានឃាត់រថយន្ដដឹកអង្ករ ចូលពីប្រទេសវៀតណាមមួយគ្រឿង ដែលគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងភូមិសាស្រ្តស្រុកតាមដងផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ពេលដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតក្នុងមូលដ្ឋាន។
បើតាមមន្ដ្រីអាវុធហត្ថខេត្ត ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយអនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត ពិសេសត្រូវជួយចូលរួមបង្រ្កាបបទល្មើសគេចពន្ធ ដើម្បីបង្កើនចំណូលរដ្ឋ។
មន្ដ្រីអាវុធហត្ថខេត្តកណ្ដាល ពេលកម្លាំងកំពុងចុះល្បាតចល័ត បានប្រទះឃើញរថយន្ត០១គ្រឿង គួរឲ្យសង្ស័យម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-4856 បើកបរដោយឈ្មោះ អៀង ភារិទ្ធ អាយុ៣៣ឆ្នាំ ក៏ធ្វើការត្រួតពិនិត្យឃើញថារថយន្តនោះ មានដឹកអង្ករនាំចូលពីប្រទេសវៀតណាម ចំនួន៤តោនកន្លះ (គ្មានច្បាប់អនុញ្ញាតិ) តាមច្រករបៀងព្រំដែនវៀតណាម។ ក្រោយការសួរនាំនៅមូលដ្ឋានអាវុធហត្ថស្រុក ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា អាយុ៤០ឆ្នាំ និងម្ចាស់អង្ករ ឈ្មោះ យ៉ាន អាយុ៤៣ឆ្នាំ៕