(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មិនបាន​ទទួលស្គាល់​ថា ​អ៊ីរ៉ង់បានគោរព​ប្រតិបត្តិយ៉ាងខ្ជាប់​ខ្លួន​ ចំពោះកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ប្រមុខ​ការទូតជប៉ុន នាពេលនេះ​បានចេញមុខអះអាងថា ទីក្រុងតូក្យូ​គាំទ្រ​​ពេញទំហឹងចំពោះ​​​កិច្ច​ព្រមព្រៀងនេះ ហើយក៏ពុំឃើញមាន​ការបំពានណា​មួយ ដោយទីក្រុងតេហេរ៉ង់ឡើយ។ នេះបើតាម​ការចេញ​ផ្សាយ ដោយសារព័ត៌មាន​​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​សៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុងអំឡុង​ការធ្វើសន្និសីទ​មួយ នៅឯទីស្នាក់ការ​អង្គការ​សហប្រជាជាតិ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន លោក Taro Kono បាន​​និយាយថា ប្រទេស​ជប៉ុន​ពិតជាគាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហៅកាត់ថា JCPOA ហើយមកទល់​វេលានេះ ទីក្រុង​តូក្យូ​អាចបញ្ជាក់​បានថា ពុំមានការំលោភបំពាន​ណាមួយ ត្រូវបានធ្វើឡើង​ដោយភាគីអ៊ីរ៉ង់​នោះឡើយ។

កិច្ចព្រម​ព្រៀង JCPOA ត្រូវបានចុះហត្ថលេខា​កាលពី​ខែកក្កដា ឆ្នាំ២០១៥ រវាងភាគីអ៊ីរ៉ង់ និងភាគីម្ខាង​ទៀតរួមមាន​ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ ដោយបានចូល​ជាធរមាន​កាលពី​ខែមករា ឆ្នាំ២០១៦ កិច្ច​ព្រមព្រៀង​​​បាន​​នាំឲ្យមានការ​ដកទណ្ឌកម្ម​បន្តិចម្តងៗ លើផ្នែកសេដ្ឋកិច្ច និងការទូត ដែលត្រូវបាន​ដាក់​ទៅលើប្រទេសអ៊ីរ៉ង់​​ ដោយលោក​ខាងលិច​ជាថ្នូរនឹង​ការធានាថា កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ នឹងនៅតែបន្តស្ងប់ស្ងាត់​ដោយសន្តិភាព​ជានិច្ច។

គួរជម្រាបថា ជុំវិញរឿងកិច្ច​ព្រមព្រៀង​ JCPOA ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ពុំបានបញ្ជាក់​ទទួល​ស្គាល់ថា​ ប្រទេសអ៊ីរ៉ង់​បានគោរព​ប្រតិបត្តិតាមកិច្ច​ព្រមព្រៀង​ខាងលើនេះ​ឡើយ៕