(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់បេក្ខនារីមួយរូប ក្នុងកម្មវិធី «Cambodian Idol» ដែលមានសមត្ថភាពខ្លាំង ធ្វើឲ្យគណៈកម្មការផ្ទុះការសរសើរ មិនដាច់ពីមាត់ ទៅលើទឹកដមសំនៀងរបស់នាង ខណៈដែលការប្រកួតប្រជែង មានលក្ខណៈស្វិតស្វាញខ្លាំង។

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានអះអាងថា ទឹកដមសំលេងរបស់នាង មិនដូចជាអ្នកច្រៀងផ្ទាល់នោះទេ គឺសមតែចាក់ដោយឧបករណ៍ច្រើនជាង ដោយសារតែសំឡេងរបស់នាង អត់មានកន្លែងទាស់ ហើយពីរោះជាប់ចិត្តមិនធម្មតា។ បានស្ដាប់សំឡេងរបស់នាង គឺរកកន្លែងចំណុចខុស​ឆ្គងមិនបាន ដោយលោកសរសើរថា ទាំងសំឡេង ទាំងទឹកដមសំឡេង របស់នាងគឺពិតជាពីរោះ ហើយលោកប្រាប់ថា លោកពេញចិត្តរបស់នាងខ្លាំងណាស់ សម្រាប់ការបកស្រាយបទ​ចម្រៀង ដែលបាន ចាន់ ឡៃវលក្ខ៍ ជ្រើសយកមកប្រឡងនោះ។

ដោយឡែក លោក ណុប បាយ៉ារិទ្ធ និងលោក ឆន សុវណ្ណរាជ ក៏សរសើរបេក្ខនារីរូបនេះ មិនដាច់ពីមាត់ដូចគ្នាផងដែរ។​ ទើបបេក្ខនារី ចាន់ ឡៃវលក្ខ៍ ត្រូវបានគេកត់សម្គាល់កាន់តែខ្លាំង បន្ទាប់ពីបានស្ដាប់ទឹកដមសំឡេងរបស់នាង ហើយពិតជាពីរោះ ក្រអួនក្រអៅមិនធម្មតា ក្រោយពីបានទស្សនាវីដេអូប្រឡងរបស់នាង នៅក្នុងសប្ដាហ៍ទី១របស់កម្មវិធី «Cambodian Idol» កាលពីយប់ថ្ងៃទី១៥ ធ្នូ ដែលជាវគ្គបង្ហាញបេក្ខជនបេក្ខនារីក្នុងសប្ដាហ៍ទី១ ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលមានសមត្ថភាពមិនទាន់បង្ហាញខ្លួន ច្រើនទៀត។

ចំណែកឯ ឱក សុគន្ធកញ្ញា វិញ ក៏បានអះអាងថា បេក្ខនារី ចាន់ ឡៃវលក្ខ៍ ក្រៅពីមានសមត្ថភាពមិនធម្មតា ក្នុងការបកស្រាយប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងចេះលាក់កម្លាំង ធ្វើអោយសំឡេង ស្ដាប់ទៅមានកម្លាំងហើយមិនហត់ និងពីរោះស្ទើររកកន្លែង​ខុសអត់បាន។ នាងជាបេក្ខនារីដែលមានសំឡេងល្អកម្ររកបាន ដោយចេះថ្លឹងសំឡេង ចេះប្រើគ្រលុកគ្រលាក់ សំឡេងមិនធម្មតា ហើយប្អូនជាក៏បេក្ខនារីវ័យក្មេង ដែលមានសំឡេងគ្រលួច យ៉ាងរណ្ដំផងដែរ។

សូមបញ្ជាក់ថា កម្មវិធី​ «Cambodian Idol» រដូវកាលទី៣ បានទទួលការចាប់អារម្មណ៍តែម្ដង កាលពីយប់ថ្ងៃទី១៥ ធ្នូ ដោយសារតែបេក្ខជនបេក្ខនារី ដែលបានបង្ហាញខ្លួន សុទ្ធតែមានទឹកដមសំឡេងមិនធម្មតា និងមានសមត្ថភាពបន្ថែម ពីសមត្ថភាពសំឡេងនោះផង។ ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលទទួលបានសំបុត្រមាស ពីគណគម្មការទាំង៤រូប នៅក្នុងការប្រឡងសប្ដាហ៍នេះ បេក្ខនារីវ័យ១៧ឆ្នាំ កញ្ញា ចាន់ ឡៃវលក្ខ៍ បានក្លាយជាអ្នកជាប់មួយរូប ដែលមានទឹកដមសំឡេងមិនធម្មតា រហូតធ្វើឲ្យគណកម្មការទាំង៤ ជាពិសេសគឺ លោក ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ស្លុងអារម្មណ៍ និងលាន់មាត់សរសើរ មិនដាច់ពីមាត់នោះផង។

​ចង់ដឹងថា គណៈកម្មការទាំង៤ សរសើរ បេក្ខនារី​ ចាន់ ឡៃវលក្ខ៍ មិនដាច់ពីមាត់យ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖