(បន្ទាយមានជ័យ)៖ យោងតាមប្រភពច្បាស់ការណ៍ ពីក្រុមអាជីវករខ្មែរជាច្រើនរូប បានឲ្យដឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះថា កាលពីម្សិលមិញនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច របស់ថៃ បានដឹកនាំកម្លាំងចូលទៅពិនិត្យ នៅផ្សាររោងក្លឿរ ស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ។
ក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា មានក្រុមអាជីវករ នាំចូលទំនិញល្មើសកម្មសិទ្ធិបញ្ញា មកពីប្រទេសជិតខាង ដើម្បីយកមកស្តុកទុក នឹងលក់ឲ្យតូបលក់ទំនិញផ្សេងៗ នៅក្នុងផ្សារ ក្នុងឱកាសចូលឆ្នាំថ្មីនាខាងមុខនេះ ដែលនឹងមានមនុស្សច្រើន លក់ឡៃឡុងទំនិញ ដើម្បីយកទៅផ្ញើញាតិមិត្ត។
អង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច រួមជាមួយមន្រ្តីគយអារញ្ញ កម្លាំងទាហានកងរយលេខ១២០១ បើកប្រតិបត្តិការឆែកឆេរតូបអាជីវករនៅផ្សាររោងក្រឿរ បោសសំអាតទំនិញល្មើស រំលោភកម្មសិទ្ធបញ្ញាមួយចំនួន។ សមត្ថកិច្ចរកឃើញពលរដ្ឋខ្មែរ បើកម៉ូតូកង់៣ ពាក់ស្លាកលេខ៣៣ ផ្ទុកទំនិញរាប់សិបការ៉ុង ចេញមកពីព្រំដែនផ្សាររោងក្លឿរ ហើយដឹកចូល រក្សាទុក នៅតូបជួលលេខ១៨៥/១៥២C២៥ ចុងផ្សារ។
សមត្ថកិច្ចក៏បានទាក់ទង ទៅមន្រ្តីគយអារញ្ញ កងទ័ពជើងគោកទី១៤ អង្គភាពទាហានកងរយ១២០១ នឹងតម្រួតខ្លងលឹក នាំកម្លាំងឡោមពទ្ធ័ចាប់តែម្តង។ ខណៈសុំចូលឆែកឆេរការ៉ុង ជនជាតិខ្មែរដែលបើកម៉ូតូកង់៣ ដឹងខ្លួនទាន់ស្ទុះរត់ចូលទៅទឹកដីខ្មែរបានស្រមោល។
សមត្ថកិច្ចចម្រុះ បើកការ៉ុងពិនិត្យមើល ប្រទះឃើញមានទំនិញល្មើសកម្មសិទ្ធបញ្ញារួមមាន៖ ឈុតសម្លៀកបំពាក់កីឡាយីហោល្បីៗ ស្បែកជើងកុបពីបែបយីហោល្បីៗ នឹងកាបូប នឹងដកហូតទំនិញសរុបជាង២០០ការ៉ុង យកមករក្សាទុកនៅស្នាក់ការគយថៃ ក្នុងស្រុកអារញ្ញប្រាថេប ហើយទំនិញដែលរឹបអូសបានលើនេះ មានតម្លៃរាប់សិបលានបាតឯណោះ៕