(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សួន បវរ ប្រធានបក្ស CPP ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ប្រកាសទទួលស្គាល់ លោក សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការបក្សក្រុងប៉ោយប៉ែត ជំនួសលោក ង៉ោ ម៉េងជ្រួន ផ្លាស់ប្តូរភារកិច្ចថ្មី។
ក្នុងនោះ ក៏ប្រកាសផ្លាស់ប្តូរ លោក ម៉ែន សោភ័ណ ជាអនុប្រធានគណៈកម្មាធិការគណបក្ស CPP ក្រុងប៉ោយប៉ែត ជំនួសលោក អាន វណ្ណះ, លោក រដ្ឋ សុខា ជាអនុប្រធាន គណៈកម្មាធិការគណបក្ស CPP ក្រុងប៉ោយប៉ែត, លោក ធិន ស៊ិនដេត ជាសមាជិកអចិន្រៃ្ដយ៍បក្សក្រុងប៉ោយប៉ែត ជំនួសលោក អ៊ុ សុផល និងលោក អ៊ុយ ច័ន្ទរិទ្ធ ជាសមាជិក អចិន្រៃ្ដយ៍បក្សក្រុងប៉ោយប៉ែត ជំនួសលោក ប្រាក់ ប៉ូលី។
លោក សួន បវរ ប្រធានបក្ស CPP ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំ នាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកំរិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស។
លោកប្រធានគណបក្សខេត្ត រូបនេះ បានបន្ថែមថា «ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយអោយមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាពដែលកើតឡើង ពីនយោបាយ(ឈ្នះឈ្នះ) របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជាដាច់ខាត»។
លោកបានបញ្ជាក់ប្រាប់សមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុកនៅជាមួលពលរដ្ឋ រឺឯបក្សផ្សេងមិនដែលធ្វើអ្វីសោះបានតែថា មិនឃើញធ្វើអ្វីនោះទេ គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលសង្គមហើយ គណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយដោយសារមេបក្សរូបនេះ រងការ ចោទប្រកាន់ក្បត់ជាតិផងដែរ។
លោក ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ក្រុង ស្រុក ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋ ឲ្យបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹងយល់ជ្រួតជ្រាបជៀសវាងមានការថ្នាំងថ្នាក់ណាមួយ៕