(ភ្នំពេញ)៖ នៅពេលដែលទណ្ឌិត សម រង្ស៊ី ខំនិយាយបន្តុះបង្អាប់ប្រទេសខ្លួនឯង គ្រប់ម៉ាត់ដោយព្យាយាមជាន់ពន្លិចប្រទេសជាតិឲ្យធ្លាក់ ក្នុងសភាពខ្មៅងងឹត ហើយមិនព្រមបើកភ្នែកមើលវឌ្ឍនភាពដ៏គួរឲ្យស្ងប់ស្ងែង
របស់ប្រទេសមួយក្រោយងើបចេញ ពីភាពខ្ទេចខ្ទាំនោះ បែរជាអ្នកកាសែតបរទេស មើលឃើញនូវវឌ្ឍនភាពយ៉ាងខ្លាំង របស់កម្ពុជាទៅវិញ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំងកាលពីថ្មីៗកន្លងទៅ អ្នកកាសែតបារាំងម្នាក់ ក្នុងចំណោម៣នាក់ ដែលផ្តុំគ្នាចោទសួរទណ្ឌិត សម រង្ស៊ី បានលើកសំណួរថា «សម រង្ស៊ី តើបក្សប្រឆាំងមានអ្វីយកទៅឃោសនា ទាក់ទាញប្រជាពលរដ្ឋខ្មែរ ទៅបើទីបំផុតទៅ ប្រទេសកម្ពុជា មានអត្រាអ្នកចេះអក្សរក៏ខ្ពស់ អតិផរណាក៏គ្មាន អត្រាអត់ការងារធ្វើក៏ទាប ហើយកំណើនសេដ្ឋកិច្ចវិញគឺមានដល់ទៅ ៦ ឬ៧ ភាគរយឯណោះ?»

សំណួរនេះ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងល្អ ពីស្ថានការណ៍ពិតនៅកម្ពុជា និងជាការចំអកឲ្យមេដឹកនាំបក្សប្រឆាំង ដែលគិតតែពីប្រឆាំងផ្កាប់មុខងើបមិនរួច ប្រឆាំងដាច់ក្បាលដាច់កន្ទុយ ប្រឆាំងរហូតទាល់តែរលាយគណបក្សខ្លួនឯង។ សំណួរដ៏មុតស្រួចនេះធ្វើឲ្យទណ្ឌិត សម រង្ស៊ី ក្តៅចុងច្រមុះយ៉ាងខ្លាំង តែមិនហ៊ានត្រឡោតទេ ពីព្រោះគាត់ដឹងច្បាស់ថា អ្នកកាសែតបរទេសគេស្គាល់កម្ពុជាច្បាស់ជាងគាត់។ សម រង្ស៊ី ខំសម្រួលឥរិយាបថ ដោយបដិសេធការលើកឡើង របស់អ្នកកាសែតបារាំងយ៉ាងសុភាព តែគ្មានភស្តុតាង ឬទឡ្ហីករណ៍អ្វី មកបង្ហាញឡើយដោយគ្រាន់តែថា អត្រាអត់ការងារធ្វើនៅកម្ពុជាខ្ពស់ តែគ្មានអ្វីមកធ្វើអំណះអំណាងទាំងអស់។ នេះសបញ្ជាក់ថា អ្នកនយោបាយប្រឆាំង ដល់ឆ្អឹងរូបនេះ មិនចេះអ្វីក្រៅតែពីនិយាយបង្ខូចបង្កាច់ សភាពការណ៍ពិតនៅកម្ពុជា មិនថានៅចំពោះមុខពលរដ្ឋខ្មែរខ្លួនឯង ឬនៅចំពោះមុខសហគមន៍អន្តរជាតិ និងអ្នកកាសែតបរទេសឡើយ។ ប៉ុន្តែ គាត់ភ្លេចគិតថា បរទេសខ្លះស្គាល់ប្រទេសកម្ពុជា ច្បាស់ជាងគាត់ទៅទៀត។

ជាការពិត ប្រទេសកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុធំៗ ក្នុងពិភពលោកដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម ចាត់ទុកថា ជាប្រទេសដែលមានជោគជ័យខ្លាំងជាងគេមួយ ក្នុងលោកក្នុងការកាត់បន្ថយភាពក្រីក្រ។

កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍលឿនរហ័ស នឹកស្មានមិនដល់បើធៀបនឹងអតីតកាលរបស់ខ្លួន។ ប៉ុន្តែជោគជ័យទាំងនេះ មិនបានធ្វើឲ្យបក្សប្រឆាំងអបអរទេ ផ្ទុយទៅវិញ ពួកគេបែរជាភ័យស្លន់ស្លោព្រោះពួកគេយល់ថា ខ្លួនគ្មានអ្វីឃោសនារកការគាំទ្រទេ ប្រសិនបើទុកឲ្យប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ទទួលស្គាល់ការពិតទាំងនេះ។ ដូច្នេះហើយបានជាបេសកកម្មរបស់ពួកប្រឆាំង គឺផ្តោតខ្លាំងទៅលើការបំផ្លាញសមិទ្ធផល របស់រាជរដ្ឋាភិបាល និងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ឲ្យយល់ខុសពីកម្ពុជា។ ខុសពីបក្សប្រឆាំង ក្នុងបណ្តាប្រទេសមួយចំនួន ដែលគេខិតខំប្រណាំងប្រជែងធ្វើល្អ កសាងសមិទ្ធផល និងបង្ហាញគោលនយោបាយល្អៗ ដល់ប្រជាជន ដើម្បីទាក់ទាញការគាំទ្រ បក្សប្រឆាំងនៅកម្ពុជា ខិតខំជាន់ពន្លិចសមិទ្ធផលរបស់បក្សកាន់អំណាច ខិតខំលាបពណ៌ឲ្យប្រទេសជាតិស្រអាប់ ឬខ្មៅងងឹតដើម្បីឲ្យខ្លួនឯង មានពាក្យនិយាយវាយប្រហារគេតែប៉ុណ្ណោះ។ បើខ្លួនឯងខ្មៅហើយមិនគិតខំកែខៃឲ្យទៅជាស តែបែរជាខិតខំយកថ្នាំពណ៌ ទៅលាបឲ្យគេដើម្បីឲ្យខ្មៅជាងខ្លួនទៅវិញ។ នេះជាចរិតពួកប្រឆាំងដូចជា សម រង្ស៊ី កឹមសុខា និងបក្សពួកដែលបាននិងកំពុងធ្វើរហូតមក។

នៅពេលដែលពួកគេចាញ់ការបោះឆ្នោត ពួកគេមិនទទួលស្គាល់ថា ខ្លួនមានអ្នកគាំទ្រតិចទេ តែបែរជាកាឡៃទៅជាគេលួចបន្លំសន្លឹកឆ្នោតទៅវិញ។ ជាក់ស្តែង នៅពេលចាញ់ការបោះឆ្នោត សភាឆ្នាំ ២០១៣ ពួកគេឡាំប៉ាដោយមួលបង្កាច់ថា គេលួចសន្លឹកឆ្នោត រួចហើយដឹកនាំចលនាតវ៉ា បង្កភាពអនាធិបតេយ្យពេញប្រទេស ធ្វើឲ្យបញ្ហានយោបាយជាប់គាំងពេញមួយឆ្នាំ។ រោងចក្រមួយចំនួន រួមទាំងទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនត្រូវបានបំផ្លាញដោយ
ក្រុមកុប្បកររបស់ពួកប្រឆាំង។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ ក៏បក្សប្រឆាំងមិនទទួលស្គាល់ថា ខ្លួនឯងខ្សោយដែរ តែបែរជាទម្លាក់កំហុស ទៅលើបរិយាកាសបោះឆ្នោត ដោយពិពណ៌នាថា ជាការបោះឆ្នោតមួយយ៉ាងអាក្រក់ ក្នុងបរិយាយាកាសគំរាមកំហែង ខណៈដែលសហភាពអឺរ៉ុប បានទទួលស្គាល់យ៉ាងចំហរថា នោះជាការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងត្រឹមត្រូវដែលមានការទទួលស្គាល់ យ៉ាងទូលំទូលាយ។

នៅពេលដែលពួកគេត្រូវ បានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពី បទល្មើសយ៉ាងធ្ងន់ធ្ងរណាមួយ ពួកប្រឆាំងមិនដែលទទួលស្គាល់ថា ខ្លួនមានកំហុសទេ តែបែរជាចោទអ្នកអនុវត្តច្បាប់ថា ធ្វើទុក្ខបុកម្នេញទៅវិញ។ ពួកគេជំនាញណាស់ ក្នុងការកាឡៃរឿងព្រហ្មទណ្ឌ ឲ្យទៅជារឿងនយោបាយ។ ពួកគេពូកែ Drama ឬ ដើរតួកំសត់ណាស់ ដើម្បីទាក់ទាញការអាណិតអាសូរ។ ពួកគេក៏មានជំនាញច្បាស់លាស់ណាស់ដែរ ខាងលេងប៉ាហ៊ីបន្លំភ្នែកគេ។ អ្នកនយោបាយចង្រៃ ដូច សម រង្ស៊ី និងបក្សពួក មិនគ្រាន់តែមិនបានជួយអ្វី ដល់ប្រទេសជាតិប៉ុណ្ណោះទេ តែថែមទាំងពូកែតែខាងបំផ្លាញ។ ទៅដល់ទីណា អំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ ឈប់ទិញផលិតផលសម្លៀកបំពាក់របស់កម្មករខ្មែរ។ ពួកគេសប្បាយណាស់ នៅពេលឃើញប្រជាជនជួបការលំបាក ពីព្រោះនោះជាលេសរបស់ពួកគេ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។

គេប្រហែលជាពិបាក នឹងពិពណ៌នាអំពីចេតនាទុច្ចរិតរបស់ពួកប្រឆាំង នៅកម្ពុជាឲ្យអស់ណាស់ ប៉ុន្តែគេពិតជាមិនពិបាកយល់ឡើយ អំពីនយោបាយបែបក្តិចត្រួយរបស់ពួកប្រឆាំង។ នយោបាយ
ស្មោគគ្រោកបែបនេះ មិននាំជាតិឲ្យរីកចម្រើនទេ ហើយក៏មិនអាចរីកចម្រើនខ្លួនឯងដែរ ពីព្រោះតាមគន្លងព្រះពុទ្ធសាសនា អ្នកឲ្យទុក្ខដល់គេ ទុក្ខនោះនឹងផ្តល់ផលដល់ខ្លួនឯងវិញជាមិនខាន។ ពិតជាទាន់ហន់មែន អតីតបក្សប្រឆាំងរិះ
រកគ្រប់មធ្យោបាយ បំផ្លាញរាជរដ្ឋាភិបាលបក្សកាន់អំណាច ឥឡូវបានបំផ្លាញខ្លួនឯង ឲ្យរលាយរលត់ក្លាយជាផេះអស់រលីង។ ទោះជាបាបកម្មតាមផ្តន្ទាជាក់ស្តែងបែបនេះក៏ដោយ ក៏ពួកប្រឆាំងដែលព្រះប្រោស មិនរួចទាំងអស់នោះនៅតែមិនភ្លឺភ្នែកឡើយ។ ពួកគេខំស្រែកឡែៗ ពីក្រៅប្រទេសមកថា ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ហើយ បើគ្មានពួកគេ។ ប៉ុន្តែ ពួកគេមិនដឹងទេថា ស្ថានភាពវាផ្ទុយពីនេះទៅវិញទេតើ។ គ្មានពួកចង្រៃអស់ទាំងនេះ កម្ពុជាដូចជារួចផុតពីគ្រោះអាសន្នឬដូចធ្វើបុណ្យនិមន្តព្រះសង្ឃ៧ វត្ត មកស្រោចទឹកអញ្ចឹង។

ពីពេលនេះតទៅ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានពេលសម្រាប់គិតគូរ ពីការកសាងប្រទេសជាតិ កសាងជីវភាពផ្ទាល់ខ្លួនច្រើនជាងមុនព្រោះអស់គណបក្សក្រឡុក។ បើទុកឲ្យពួកយក្ស មារ ទាំងអស់នោះបន្តនៅជ្រកក្រោម ស្លាកគណបក្សនយោបាយ ក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តទៅទៀត កម្ពុជាមិនបានសុខឡើយពីព្រោះមួយថ្ងៃៗគិតតែពីដោះស្រាយតែរឿងនយោបាយ គឺប្រាកដជាគ្មានពេលធ្វើអ្វីផ្សេងឡើយ។

សរុបមកវិញ ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ទាំងសហគមន៍អន្តរជាតិ និងអ្នកកាសែតបរទេសជាច្រើន សុទ្ធតែទទួលស្គាល់ស្ថានការពិតនៅកម្ពុជា។ គឺកម្ពុជាដែលកំពុងរស់ក្នុងសុខ សន្តិភាព និងការអភិវឌ្ឍ ដូច្នេះ ជម្លោះកំប៉ិកកំប៉ុកអង្ករកំប៉ុង ដែលកំពុងកើតឡើងនៅកម្ពុជា មិនមែនជារឿងសំខាន់របស់ពិភពលោកឡើយ ហើយរិតតែមិនមែនជារឿងសំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាល់តែសោះ។

ពិធីបុណ្យចូលឆ្នាំសកលជិតមកដល់ ពលរដ្ឋខ្មែរម្នាក់ៗ កំពុងនាំគ្នាគិតថា តើត្រូវដើរកម្សាន្តនៅទីណាដែលសប្បាយ? អ្នកខ្លះមានផែនការចេញទៅកម្សាន្តតាមរមណីយដ្ឋាននានា អ្នកខ្លះចេញទៅមាត់សមុទ្រ រីអ្នកខ្លះទៀតត្រៀមចេញដំណើរកម្សាន្តទៅក្រៅស្រុក គឺពួកគេមិនបានខ្វល់ខ្វាយពីរឿងនយោបាយអត់ប្រយោជន៍ដូចសម រង្ស៊ី និងបក្សពួកដែលខំស្រែកឡែៗគ្រាជិតដាច់ដង្ហើមនោះឡើយ៕

ដោយ៖ កូនខ្មែរ