(ព្រះវិហារ)៖ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបន្តការចុះ ត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស គ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើដងផ្លូវ ដោយសហការនគរបាលចរចរណ៍ និងអាជ្ញាធរមូលដ្ឋាន។
ការជំរុញបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីអបអរសារទរខួបលើកទី១១ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស១២ធ្នូ ២០១៧ ក្រោមប្រធានបទ «រួមគ្នាពង្រឹង ប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សពីអំពើជួញដូរ»។ ព្រមទាំងពិធីចែកមុងជ្រលក់ថ្នាំ ដល់ពលរដ្ឋចំនួន៨០០នាក់ នៅស្រុកជាំក្សាន្ត នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករលាក់មុខស្ងាត់បំផុត ដែលយើងមិនបានចាប់អារម្មណ៍ ដោយឡែកស្រុកជាំក្សាន្តនៅក្នុងខែនេះ ប្រឈមនិងករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពិសេសនៅឃុំមរកត់ គ្រោះថ្នាក់សឹងរាល់ថ្ងៃ។
លោកថា «ដូច្នេះត្រូវបង្កើនការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររបស់យើង ពិសេសការប្រើប្រាស់យានយន្តកែឆ្នៃតែម្តង អញ្ចឹងសូមឲ្យលោកប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយនគរបាលចរាចរណ៍នៅទីនេះ ពិនិត្យមើលរថយន្តកែឆ្នៃ ខ្លះអត់មានភ្លើងទេ ខុសបច្ចេកទេសទាំងស្រុង ហើយរថយន្តប្រភេទនេះ ហើយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ពេលម៉ូតូបើកមកអត់ឃើញភ្លើងបុកម៉ាំង បណ្តាលឲ្យគ្រោះថ្នាក់តែម្តង»។
លោកបន្ដថា អញ្ចឹងហើយផ្តើមចេញពីកត្តាយានយន្តនេះហើយ ដែលបង្កឲ្យមានការកើនឡើងការគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកជាំក្សាន្តរបស់យើង ហើយរថយន្តនេះ ពួកគាត់កែឆ្នៃមកធ្វើ អី គឺមាន២ ទី១៖ យកមកដឹកកសិផល និងទី២៖ មួយចំនួនដឹកឈើបទល្មើសខុសច្បាប់ ដូច្នេះដល់ពេលវេលាដែលយើងត្រូវពិនិត្យមើល ដោយទុកឲ្យសមត្ថកិច្ចជំនាញធ្វើការ សហការគ្នា ដែលមានអាជ្ញាធរស្រុក នគរបាលស្រុក នគរបាលខេត្ត ហើយនិងមន្ទីរសាធារណការ គឺធ្វើយ៉ាងណាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ហើយសូមបងបងប្អូនធ្វើយ៉ាងណា បើកបរឲ្យមាន ការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ទាក់ទង និងបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានឲ្យមន្ទីរសាធារណការ សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននោះ មន្ទីរនិងរៀប ចំផែនការ ចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗ នៅតាមដងផ្លូវក្នុងភូមិសាស្ត្រក្តុង ស្រុកមួយចំនួន ក្នុងគោលបំណងត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស ដែលតែងបង្ក គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នោះ។
ទន្ទឹមនិងនេះផងដែរ លោក សំ លាងទ្រី បានអំពាវនាវឲ្យម្ចាស់យានយន្តកែឆ្នៃគ្រប់ប្រភេទ ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ឲ្យបានគ្រប់ៗគ្នា ដូចជាត្រូវមានភ្លើងបំភ្លឺផ្លូវ មានភ្លើងស៊ីញ៉ូ និងបិទ ចំណាំងផ្លាត ឲ្យបានគ្រប់យានយន្តទាំងអស់ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនានា សូមកុំយកចំណីផ្លូវធ្វើអាជីវកម្ម សូមបើកបរគោរពស្លាកសញ្ញាចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរកុំឲ្យហួសល្បឿនកំណត់។ បើយើងអនុវត្តន៍បានតាមការណែនាំនេះ នោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវបានកាត់បន្ថយមិនខាន។
លោក សំ លាងទ្រី បានគូសបញ្ជាក់ដោយធ្វើការសង្កត់ធ្ងន់ថា កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយនគរបាលចរាចរណ៍ ជាមួយអាជ្ញាធរមូលដ្ឋានចុះ ផ្សព្វផ្សាយតាមដងផ្លូវ ដល់បងប្អូនប្រជាពលរដ្ឋឲ្យចុលរួមគោរពច្បាប់ចរាចរណ៍ ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងពេលផ្សព្វផ្សាយម្តងៗ យើងបានចែកមួកសុវត្ថិភាព បិទស្ទីកគ័រលើយានយន្តកែឆ្នៃ លើគោយន្តកន្ត្រៃយ៍...ជាដើម។
លោកបន្ដថា តែក្រោយមកយើងសង្កេតឃើញថា មានបងប្អូនមួយចំនួន គាត់បានអនុវត្តតាម ដោយឡែកបងប្អូនមួយចំនួនគាត់មិនបានអនុវត្តតាមនោះទេ ដែលករណីនេះ។ លោកប្រធាន មន្ទីរ បានបញ្ជាក់ថា «ចាប់ពីពេលនេះទៅ យើងឈប់ផ្សព្វផ្សាយ ឈប់អប់រំណែនាំទៀតហើយ គឺអនុវត្តតាមច្បាប់តែម្តង ដូច្នេះម្ចាស់យានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសនានា ត្រូវត្រួតពិនិត្យមើលយានយន្តរបស់ខ្លួនឡើងវិញ ថាតើមានលក្ខណៈគ្រប់គ្រាន់ តាមច្បាប់អាចធ្វើចរាចរណ៍នៅតាមដងផ្លូវបានឫនៅ»៕