(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ជិត១ពាន់នាក់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានមកទទួលសេវាព្យាបាលសុខភាព ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយសង្កាត់ទឹកថ្លា ក្រោមការណែនាំ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង។
ក្នុងឱកាសចុះជួយព្យាបាលប្រជាពលរដ្ឋនេះ ក៏មានលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា លោកវេជ្ជបណ្ឌិត ឈួ អ៊ីម៉េង អនុប្រធានក្រុមការងារ ចុះជួយខណ្ឌសែនសុខ បានដឹកនាំក្រុមការងារ ចុះជួយសង្កាត់ទឹកថ្លា ក្រុមការងារចុះជួយភូមិទាំង៧ និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់ក្រសួងសុខាភិបាល រួមសហការជាមួយគណបក្សខណ្ឌសែនសុខ លោក តាន់ ណាវិន ប្រធានគណបក្សសង្កាត់ទឹកថ្លា ក្រុមការងារមូលដ្ឋាន និងក្រុមការងារមូលដ្ឋានភូមិចុងថ្នល់ខាងកើត។
លោក សាស្ត្រាចារ្យ ងី ម៉េង ថ្លែងថា «ការចុះពិនិត្យជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅថ្ងៃនេះប្រជាពលរដ្ឋសង្កាត់ទឹកថ្លា នៅក្នុងបរិវេណភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យើងបានមកពិនិត្យព្យាបាលជំងឺពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ដែលមានពិនិត្យនូវជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺសើរស្បែក មានការចែកវ៉ែនតា និងផ្តល់ឱសថផងដែរ»។
លោកសាស្ត្រាចារ្យថ្លែងបន្តថា «ជាលទ្ធផល អ្នកជំងឺដែលបានចូលមកពិនិត្យជំងឺនៅព្រឹកនេះ មានចំនួនសរុបប្រមាណ ជិត១,០០០នាក់ ដែលនេះជាការជួយលើកកម្ពស់សុខភាពរបស់ពួកគាត់ ឲ្យកាន់តែប្រសើរ ពិសេស គឺការយកសេវាពិនិត្យព្យាបាលនេះ មកកាន់តែជិតផ្ទះ របស់ពួកគាត់តែម្ដង ហើយយើងនឹងបន្ដចុះជួយពិនិត្យដោយឥតគិតថ្លៃ ឲ្យបានកាន់តែញឹកញាប់ថែមទៀត»។
ទន្ទឹមនឹងនោះផងដែរ ប្រជាពលរដ្ឋ ក៏បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង និងអរគុណចំពោះការយកចិត្ដទុកដាក់ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយសង្កាត់ទឹកថ្លា ដែលមានលោក ងី ម៉េង ជាប្រធាន និងរដ្ឋមន្ដ្រី ម៉ម ប៊ុងហេង ជាប្រធានការក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយខណ្ឌសែនសុខ រួមទាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតផងដរ៕