(យូអិន)៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អាតូនីញ៉ូ ហ្គួតេរ៉ែស (Antonio Guterres) បានសម្តែងនូវការព្រួយបារម្ភជាខ្លាំង ជុំវិញការប្រឈមមុខដាក់គ្នាដោយយោធា និងសព្វាវុធធ្ងន់ៗ នៅតំបន់ឧបទ្វីបកូរ៉េ ហើយលោកក៏បានព្រមានផងដែរ ចំពោះចេតនាចង់ប្រើប្រាស់យោធាដោះស្រាយបញ្ហានោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
លោក ហ្គួតេរ៉ែស បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (UNSC) នាថ្ងៃសុក្រសប្តាហ៍នេះ ស្តីពីកូរ៉េខាងជើងយ៉ាងដូច្នេះថា «សកម្មភាពយោធាក្នុងទម្រង់ណាមួយ នឹងធ្វើឲ្យបញ្ហាកាន់តែរីកធំ និងក្តីអន្តរាយមិនអាចគណនាបានឡើយ»។ ស្ថានការណ៍នៅតំបន់ឧបទ្វីប គឺមានសភាពតានតឹង និងគ្រោះថ្នាក់បំផុត បើប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងបំផុត ចំពោះហានិភ័យ នៃការកើតមានការប្រឈមមុខដាក់គ្នា ដោយយោធា ដែលជាការបង្កើតលទ្ធផល ដែលពិបាកស្មានទុកមុន»។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ UNSC ដែលត្រូវបានស្នើឡើងដោយ អាមេរិក កូរ៉េខាងត្បូង និងជប៉ុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន ក៏បានអំពាវនាវផងដែរ ឲ្យប្រទេសកូរ៉េខាងជើង លះបង់ចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុង នោះទើបអាចមានឱកាសចរចាគ្នាបាន ដើម្បីបញ្ឈប់បញ្ហាប្រឈមធំៗ ដែលកំពុងតែកើតមានឡើងនៅតំបន់ឧបទ្វីបកូរ៉េនោះ។ ប្រមុខការទូតអាមេរិក ក៏បានសង្កត់ធ្ងន់ពីជំហរមហាអំណាចនេះជាថ្មីទៀតថា ពិភពលោក និងអាមេរិក «គ្មានថ្ងៃទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរនោះឡើយ»៕