Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន៖ «ទោះជួលឱ្យទៅអាមេរិកទៀត ក៏មិនទៅដែរ កុំថាឡើយបិទវីសារ»

16-12-2017 10:06

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា សម្រាប់លោក ទោះបីជាមានអ្នកជួលឱ្យទៅអាមេរិកទៀត ក៏មិនខ្ចីទៅដែរ កុំថាឡើយប្រទេសនេះបិទវីសាចំពោះមន្ត្រីកម្ពុជានោះ។

លោកសុខ ឥសាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមបណ្តាញ Telegram យ៉ាងដូច្នេះថា៖ «បិទទិដ្ឋាកាមិនឲ្យចូលទៅប្រទេសខ្លួន។ ចង់បិទ បិទទៅ មិនខ្វល់ទេ ពីព្រោះអត់ចង់ទេ ហេីយបេីទោះជាជួលឲ្យទៅ ក៏មិនចង់ទៅដែរ»។

សូមជម្រាបថា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ អំពីការរឹតបន្តឹងចំពោះទិដ្ឋាការចំពោះមន្រ្តីមួយចំនួនរបស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគាត់ ដោយចោទថា ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការរឹតបន្តឹងទិដ្ឋាការបន្ថែមរបស់សហអាមេរិក មកលើមន្រ្តីខ្មែរ ដោយពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ ជុំវិញស្ថានភាពនយោបាយកម្ពុជាឡើយ។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានហៅការសម្រេចចិត្តរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិក ចំពោះមន្រ្តីនយោបាយកម្ពុជានេះ គឺធ្វើឡើងដោយហេតុផលនយោបាយ ដោយមានការគិតទុកជាមុន និងស្តង់ដារ២៕