(ភ្នំពេញ)៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំពិធីចែកបណ្ណមូលនិធិសមធម៌ សុខាភិបាលជូនប្រធាន អនុប្រធាន និងសមាជិកភូមិ ក្នុងខណ្ឌចំការមន សរុបចំនួន២៧៤នាក់។
កម្មពិធីនេះ ត្រូវបានរៀបចំឡើង ក្រោយពីទទួលបានទិន្ន័យចុះបញ្ជិកាប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការជំរុញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើបញ្ហាសុខភាពដល់ថ្នាក់ដឹកនាំឃុំ-សង្កាត់ នៅទូទាំងប្រទេស ប្រមាណជាង៤៣,០០០នាក់ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។
បន្ទាប់ពីទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលនេះហើយ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងបន្តយុទ្ធនាការចុះបញ្ជីកម្មករនិយោជិតក្នុងខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវឲ្យរួចរាល់នៅដើមឆ្នាំ២០១៨ ខាងមុខនេះ។
បើតាមលោក ជាវ ប៊ុនរិទ្ធ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ បងប្អូនដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល នឹងទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ។
ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីសម្រាប់ស្ត្រីនៅពេលសម្រាលកូន រួមមាន៖
*សម្រាលបានកូនម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល
*សម្រាលបានកូនភ្លោះ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៨០ម៉ឺនរៀល
*សម្រាលបានកូនភ្លោះ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១លាន ២០ម៉ឺនរៀល ហើយគួរត្រេកអរបំផុតនោះ កូនភ្លោះ៣ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៥លានរៀល៕