(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានថ្លែងប្រាប់ឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្ដពង្រឹងការទប់ស្កាត់ ការបង្ការ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានល្អបន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អជូនពលរដ្ឋ។

ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន​៣០នាក់ ក្នុងនោះផ្ទេរភារកិច្ច១១នាក់ តែងតាំង១៩នាក់ មានថ្នាក់​អធិការក្រុងកំពង់ចាម ស្រុកកោះសូទិន និង​ស្រុកស្រីសន្ធរ។

ពិធីនេះក៏មានការចូលរួមពី​ លោក-លោកស្រីស្នងការរង លោក​អនុផែន នាយ-នាយរងការិយាល័យជំនាញ លោក​អធិការស្រុក-ក្រុង និងលោកអភិបាលរងក្រុង ព្រមទាំងអង្គភាពចំណុះសាលាក្រុងកំពង់ចាម ​ចំនួន១៧៥នាក់​។

ក្រៅពីការណែនាំឲ្យពង្រឹងការងារបន្ថែមទៀតនេះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ក៏បានកោតសរសើរនូវកម្លាំងនគរបាលទាំងអស់ ដែលកន្លងមកបានបំពេញការងារតាមតួនាទីរៀងៗខ្លួន បានយ៉ាងល្អប្រសើរ។ ជាក់ស្ដែងការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនេះ ជាការលើកទឹកចិត្តបន្ថែមពីថ្នាក់ដឹកនាំ ចំពោះមន្ដ្រីនគរបាលណាដែលបានបំពេញការងារបានល្អ។

យ៉ាងណាមិញលោកស្នងការ ក៏មិនភ្លេចបញ្ជាក់បន្ថែម ឲ្យកម្លាំងនគរបាលតាមមូលដ្ឋានទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍ឲ្យបានល្អ ព្រោះបើមានរឿងអ្វីខុសប្រក្រតីត្រូវរាយការណ៍ជូនថ្នាក់លើភ្លាមៗផងដែរ ដើម្បីទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា៕