(ព្រះសីហនុ)៖ ការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិឥណ្ឌា៣នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលពាក់ព័ន្ធករណីបន្លំឆបោកប្រាក់ពីជនជាតិអូស្ដា្រលីម្នាក់ នៅតាមឆ្នេរសមុទ្រអូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ទទួលបណ្តឹងផ្ទាល់មាត់ និងការចង្អុលពីជនរងគ្រោះថា មានជនជាតិឥណ្ឌាមួយក្រុម មានគ្នា៣នាក់ បានប្រព្រឹត្តិអំពើឆបោក ដោយពួកគេបានធ្វើការទស្សទាយគិតប្រាក់ ពីភ្ញៀវដែលមកលេងកម្សាន្ដ នៅតាមឆ្នេរសមុទ្រអូរឈើទាល។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនរងគ្រោះបានបន្ថែមថា ខណៈនោះជនសង្ស័យ២នាក់ បានចាប់ដៃខ្លួនទាំងសងខាងទាញឲ្យអង្គុយចុះ ហើយឲ្យជនរងគ្រោះទៅរំដោះគ្រោះដោយបង្ខំយកប្រាក់១៦០ដុល្លា បន្ទាប់មកហុចប្រាក់ទៅឲ្យជនទី៣ ទើបខ្លួនជនសង្ស័យថាជាទង្វើឆបោក ក៏ប្ដឹងសមត្ថកិច្ចតែម្ដង។
ស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ RENE WALTER GEIGER ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិអូស្រ្តា បាត់បង់លុយ១៦០ដុល្លារ ដោយឡែកជនសង្ស័យទី១៖ ឈ្មោះ SING SAWAN ភេទប្រុស អាយុ២៣ឆ្នាំ, ទី២៖ ឈ្មោះ NISHAN SINGH ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ RANDHAWA SINGH ភេទប្រុស អាយុ២៩ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការបន្ដ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឲ្យដឹងផងដែរថា អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបមុខសញ្ញា គ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយជនសង្ស័យឈ្មោះ ប៊ុន ចំណាប់ ហៅវីនឌី អាយុ៣៥ឆ្នាំ និងដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន១៩កញ្ចប់, ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង៕