(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២។ ការប្រកួតកីឡាកូនហ្គោលនៅថ្ងៃស្អែកនេះ នឹងធ្វើឡើងនៅទីលានវាយកូនហ្គោលហ្គ្រែនភ្នំពេញ។
លោក ជា បូរ៉ា អគ្គលេខាធិការសហភាពសហព័ន្ធកីឡាកូនហ្គោលកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការប្រកួតនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនៅថ្ងៃស្អែកនេះ មានឯកអគ្គរាជទូត រដ្ឋទូត របស់ប្រទេសនានាប្រចាំនៅកម្ពុជាចំនួន៧ រួមមាន៖ ឯកអគ្គរាជទូតជប៉ុន អគ្គរាជទូតថៃ អគ្គរដ្ឋទូតវៀតណាម អគ្គរាជទូតព្រុយណេ អគ្គរដ្ឋទូតម៉ាឡេស៊ី អគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងអគ្គរដ្ឋទូតប៉ាគីស្ថាន។
បើតាមលោក ជា ប៉ូរា កីឡាករ កីឡាការិនី ដែលចូលរួមនៅថ្ងៃស្អែកក៏មានកីឡាករ កីឡាការិនី ដែលជាជនជាតិបរទេសជាអ្នកជំនួញ ពាណិជ្ជករកំពុងរកស៊ីនៅកម្ពុជាប្រមាណជា ២០រូបមកពីប្រទេសប្រមាណ១៥។
លោក ជា បូរ៉ា បានឲ្យដឹងថា ការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕