(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងការពារទឹកដីទល់ដែនឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រៅពីពិនិត្យស្ថានភាពកងទ័ពហើយ លោក ហួត ឈាង ដែលអមដំណើរដោយលោកឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញចុះត្រួតពិនិត្យទឹកដី និងតំបន់ដែលកងទ័ពឡាវចូលមកកាន់កាប់ផងដែរ។

ក្នុងឱកាសនោះ លោក ហួត ឈាង បានក្រើនរំលឹកដល់កងទ័ពនៅតំបន់នោះ យកចិត្តទុកដាក់ក្នុងការការពារបូរណភាពទឹកដី និងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួនផងដែរ។

កងទ័ពកងពលតូចលេខ១២៨ ក្រៅពីការប្រឹងប្រែងពង្រឹងសមត្ថភាពការពារទឹកដីហើយនោះ ពួកគេក៏បានរួមគ្នាដាំបន្លែ សម្រាប់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃផងដែរ។ លោក ហួត ឈាង បានកោតសរសើរដល់កងទ័ពទាំងអស់ ដែលចេះប្រឹងប្រែងបង្កបង្កើនផល សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ៕