(ភ្នំពេញ)៖ ក្រុមពាណិជ្ជករអាមេរិក បានថ្លែងពួកគេនឹងប្រឹងប្រែងធ្វើការឲ្យកាន់តែស្អិតល្មួត និងល្អប្រសើរថែមទៀតជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា ដើម្បីជំរុញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក។
ការថ្លែងអះអាងរបស់ពាណិជ្ជករអាមេរិក បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូពាណិជ្ជករអាមេរិកនៅទីស្តីការក្រសួងពាណិជ្ជកម្មនាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
ប្រតិភូពាណិជ្ជករអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងជំនួបរវាងលោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងគណៈប្រតិភូពាណិជ្ជករអាមេរិកនេះ ក្នុងបំណងតភ្ជាប់ទំនាក់ទំនង និងជំរុញល្បឿនពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក និងការប្រើប្រាស់កំពង់ផែឡូសអានជីឡេស។
ក្នុងជំនួបពិភាក្សានោះ លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូពាណិជ្ជករអាមេរិក នឹងជំរុញឲ្យមានការផ្លាស់ប្តូរបេសកកម្មពាណិជ្ជម្មទៅវិញទៅមក ផ្លាស់ប្តូរទំនិញ និងសេវា តាមរយៈការជំរុញឲ្យមានការចូលរួមក្នុងព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម ទាំងនៅកម្ពុជា និងសហរដ្ឋអាមេរិក ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមសហរដ្ឋអាមេរិក ចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ផលិតទំនិញសម្រាប់នាំចេញទៅទីផ្សារអាមេរិកវិញ ដោយប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិក ផ្តល់ឲ្យកម្ពុជា៕