(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុកទំាងអស់ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវបញ្ហាបទល្មើសព្រៃឈើ បទល្មើសជលផល ត្រូវរឹតបណ្តឹងនៅការដាក់កាំកុងត្រូលជជុះ បញ្ហាគ្រឿងញៀន ការអនុវត្តច្បាប់ទប់ស្កាត់ឲ្យបាននូវបទល្មើសនេសាទធំៗ ហាមដាច់ខាតមិនឲ្យកើតមានឡើងទៀតទេ និងសភាពការបទល្មើសគ្រប់ប្រភេទនៅតាម ក្រុង ស្រុក និងតាមបណ្តាគោលដៅសំខាន់ៗទូទាំងខេត្ត ដោយអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

ការថ្លែងបញ្ជាក់ខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

លោក សុខ លូ លោកបានបញ្ជាក់ថា ការចូលរួមទប់ស្កាត់បទល្មើស គឺត្រូវចូលរួមទាំងអស់គ្នា ទាំងផ្នែកជំនាញ ទាំងផ្នែកស៊ីវិល ហើយយើងតែងតែមានឃើញព័ត៌មានច្រើនណាស់ ពីបណ្តាញសង្គម Facebook និងតាមរយៈបណ្តាញផ្សេងៗជាច្រើនទៀត ដូច្នេះយើងត្រូវខិតខំធ្វើការងារទាំងនេះឡើងវិញ និងបង្ក្រាបឲ្យបាននូវបទល្មើសទាំងឡាយ ដោយដាក់កម្លំាងបង្ក្រាប ត្រូវធ្វើដូចភ្លៀងរលឹម៕