(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ក្នុងព្រឹត្ដិការណ៍ប្រគំតន្ដ្រី «Jazz Festival» ជាមួយតន្រ្ដីករល្បីៗពីបរទេស ដែលប្រារព្ធទៅ នៅភោជនីយដ្ឋាន TOPAZZ តូប៉ាហ្ស ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ ជាច្រើន។
ព្រឹត្ដិការណ៍ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូនេះ ដើម្បីជាការចូលរួមអបអរ ក្នុងពិធី «Jazz Festival» ហើយក៏មានការចូលរួមសហការពីក្រុមហ៊ុន Audi ដើម្បីរៀបចំពិធីទទួល ទានអាហារពេលល្ងាចយ៉ាងសប្បាយរីករាយ ជាមួយការប្រគំ តន្រ្ដីJazz ពីតន្រ្ដីករល្បីៗយ៉ាងពិរោះ និងប្លែកអារម្មណ៍។
លោកស្រី ហាក់ ឡានីន អ្នកគ្រប់គ្រងទូទៅ នៅក្នុងភោជនីយដ្ឋានតូប៉ាហ្ស បានលើកឡើងថា «កន្លងមកភោជនីយដ្ឋានយើង ក៏ធ្លាប់បានរៀបចំពិធីទទួលទានអាហារពេលល្ងាច ជាច្រើនមកហើយ ដោយយើងបានអញ្ជើញចុងភៅ មកពីបរទេសផ្ទាល់ មកចំណីអាហារជូនភ្ញៀវកិត្ដិយសយើង » ។
សម្រាប់ឱកាសដ៏ពិសេសនេះតូប៉ាហ្ស ទើបតែបានរៀបចំជាលើកទីមួយតែប៉ុណ្ណោះ ដើម្បីផ្ដល់ឱកាស នៃភាពសប្បាយរីករាយ ជូនដល់ភ្ញៀវកិត្ដិយសបន្ថែមទៀត ដោយពួកគាត់គ្រាន់តែទិញសំបុត្រចូលរួមក្នុងពិធីនេះ ចំណាយក្នុងម្នាក់១៥០ដុល្លារ នឹងអាចទទួលបានអាហារ៧មុខ ដែលច្នៃដោយមេចុងភៅលំដាប់ផ្កាយ២របស់មកពីប្រទេសបារាំង រួមជាមួយការស្ដាប់ភ្លេងបែបអ៊ឺរ៉ុប។
លោកស្រី ថ្លែងទៀតថា «ភោជនីយដ្ឋានយើង ជាកន្លែងដែលល្បីឈ្មោះ និងមានជំនាញទៅលើការចំអិនម្ហូបបែបអ៊ឺរ៉ុប រីឯតន្ដ្រី Jazz ក៏ជាតន្រ្ដីបែបបញ្ចឹមប្រទេស ទើបជាហេតុ ធ្វើឱ្យយើងសម្រេចរួមគ្នា ជ្រើសរើសភោជនីយដ្ឋាន តូប៉ាហ្ស ដើម្បីរៀបចំពិធី Jazz Festival តែម្ដង។ កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្ដិយសយ៉ាងជាច្រើនកុះករ លើសពីការរំពឹងទុក ព្រោះនេះជាកម្មវិធីកម្រមាន ពិសេសវាអាចចាត់ទុកថា បង្កើតឡើងសម្រាប់អបអរសាទរពិធីបុណ្យតន្ដ្រី Jazz ផងនិងបង្កើតឡើងសម្រាប់ភ្ញៀវកិត្ដិយស ដែលនិយមការទទួលទានអាហារពេលល្ងាច ជាមួយអាហារប្លែកៗបែបអ៊ឺរ៉ុបផងដែរ។
លោកស្រីបន្ថែមថា ជាមួយគ្នានេះអ្នកនាងសង្ឃឹមថា តូប៉ាហ្ស នឹងមានឱកាសបានរៀបចំកម្មវិធីនេះជាបន្ដបន្ទាប់ទៀតសម្រាប់ភ្ញៀវកិត្ដិយសទាំងអស់៕