(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្តយ៉ាងខ្លាំងជាទីបំផុត ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលមិនបានផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា។ ព្រឹទ្ធសភាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបថា មានលក្ខណៈលំអៀង មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថាប័នសភាជាន់ខ្ពស់ម្ពុជានាពេលនេះ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយស្នើឲ្យរដ្ឋាភិបាលគណៈកម្មការអឺរ៉ុបទាំងអស់ ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន ព្រមទាំងស្នើបង្កកលុយរបស់មន្រ្តីថ្នាក់ដឹកនាំកម្ពុជា។
សេចក្តីថ្លែងការណ៍ព្រឹទ្ធសភាកម្ពុជា បានហៅសេចក្តីសម្រេចរបស់សភាអឺរ៉ុបថា ជាការបង្ហាញនូវ ការជ្រៀតជ្រែកកិច្ចការផ្ទៃកម្ពុជា ដែលជាប្រទេសតូច តែជារដ្ឋអធិបតេយ្យ និងឯករាជ្យមួយ។
ព្រឹទ្ធសភាកម្ពុជាបានពន្យល់ដល់សហភាពអឺរ៉ុបថា ក្នុងនាមជាអ្នកធ្លាប់រងគ្រោះពី របបប្រល័យ ពូជសាសន៍ ប្រជាជនកម្ពុជាស្គាល់តម្លៃ ស្រឡាញ់ និងគោរពសិទ្ធិមនុស្សបំផុត។ ការប្រតិបត្តិ សិទ្ធិមនុស្ស សិទ្ធិសេរីភាពព័ត៌មាន សិទ្ធិនយោបាយ និងសិទ្ធិផ្សេងៗទៀត ត្រូវតែប្រព្រឹត្តទៅ នៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់រដ្ឋ។
ព្រឹទ្ធសភាកម្ពុជា ក៏បានពន្យល់ដល់សហភាពអឺរ៉ុបអំពីការអនុវត្តតាមច្បាប់ដ៏ត្រឹមត្រូវ ក្នុងការរំលាយ គណបក្សសង្រ្គោះជាតិ ដែលមានគោលដៅបង្កើតបដិវត្តពណ៌នៅកម្ពុជា។ ជាមួយគ្នានេះព្រឹទ្ធសភា ក៏បានពន្យល់ថា លោក កឹម សុខា ត្រូវបានឃាត់ខ្លួន ហើយរង់ចាំតុលាការកាត់ទោសតាមច្បាប់ ព្រោះមានភ័ស្តុតាងថា សាមីជនបានបម្រើបរទេស ប្រឆាំងជាតិ និងប្រជាជនកម្ពុជា។
ព្រឹទ្ធសភាកម្ពុជា បានអះអាងបន្តយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមបញ្ជាក់ថា ទោះបីគ្មានគណបក្សសង្រ្គោះជាតិក្តី លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅតែបន្តស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន។ ការបោះឆ្នោតទាំងឡាយ នឹងប្រព្រឹត្តតាមលពេលវេលាកំណត់ នាឆ្នាំ២០១៨ ខាងមុខនេះ»។
ព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឱ្យសភាអឺរ៉ុបពិចារណាឡើងវិញ និងកុំធ្វើអ្វីដែលប៉ះពាល់ដល់ដំណើរការទៅមុខរបស់កម្ពុជា ដែលកំពុងរស់នៅ ដោយល្អប្រសើរក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាមមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋពិតប្រាកដ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា៖