(កំពង់ស្ពឺ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានបណ្តុះបណ្តាលសិក្ខាកាមទាំងវគ្គខ្លី និងវគ្គវែងដល់សិស្ស និសិត្ស សរុបទូទាំងខេត្តបានចំនួន១២៩៥នាក់ ក្នុងងនោះស្រី៤៨១នាក់ លើជំនាញធ្វើសាប៊ូលាងចាន, បណ្តុះកូនឈើ, ចិញ្ចឹមត្រី, ចិញ្ចឹមមាន់-ទា, ចិញ្ចឹមជ្រូក, តបណ្តាញអគ្គីសនី, ជួសជុលម៉ាស៊ីនដេរ, កាត់សំលៀកបំពាក់, តបណ្តាញអគ្គីសនីក្នុងអគារ, និងជំនាញកុំព្យូទ័រ។ល។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក៏បានផ្តល់កន្លែងស្នាក់នៅសម្រាប់សិស្ស និស្សិត និងគ្រូ ដែលពួកគេមកតំបន់ឆ្ងាយៗដែលមួយចំណែកនៃការឧបត្ថម្ភរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចុះជួប សិស្ស និសិត្ស បានផ្តល់យោបល់ថា សូមឲ្យក្មួយៗជាសិស្សនិសិ្សតទាំងអស់ ត្រូវខិតខំរៀនសូត្រតាមជំនាញនីមួយៗរបស់ខ្លួន ដើម្បីទទួលបានចំណេះជំនាញពិតៗ ធានាប្រករបរចិញ្ចឹមជីវិត ជួយដល់ជីវភាណ ក្នុងសង្គមគ្រូសាររបស់ខ្លួនឲ្យមានជីវភាពធូធារ កាត់បន្ថយភាពក្រីក្រ។
លោកបានបន្តថា ប្អូនៗក្មួយៗទាំងអស់ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ហើយមិនត្រូវស្តាប់ ឬជឿរតាមការអូសទាញរបស់ជនមួយក្តាប់តូចឲ្យធ្វើចលាចលក្នុងសង្គម ដើម្បីបម្រើមហិច្ឆិតាបក្សរបស់ខ្លួន ហើយធ្វើឲ្យប្រទេសជាតិមានសង្គ្រាម បង្ហូរឈាមគ្នានោះទេ។
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ទាំងមន្ទីរ និងមជ្ឈមណ្ឌលត្រូវធ្វើផែនការ ដើម្បីបង្កើនគុណភាពវិជ្ជាជីវៈដល់សិស្ស និសិ្សត ដែលមកសិក្សានៅទីនេះ។ យើងនឹងរៀបចំនៅទីនេះឲ្យសមរម្យ សមស្របជាថ្នាលបណ្តុះបណ្តាលដល់យុវជន ព្រមទាំងមានផាសុខភាព ដោយក្នុងនោះគម្រោងឧបត្ថម្ភអគារស្នាក់នៅ ដល់សិក្ខាកាមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រកំពង់ស្ពឺ ហើយក្រសួងនឹងធ្វើបន្ទប់ទឹកបុរស នារីបន្ថែម, ធ្វើតារាងបាល់ទាត់, និងផ្តល់សម្ភារសិក្សាជំនាញគ្រឿងយន្តបន្ថែមទៀត ដើម្បីឲ្យក្មួយៗអនុវត្តផ្ទាល់ងាយយល់៕