(ភ្នំពេញ)៖ ក្រុមការងាររបស់ក្រុមហ៊ុន «Mazda Motor Corporation» នៅប្រទេសជប៉ុន បានធ្វើទស្សនកិច្ចជាផ្លូវការ ទៅកាន់ក្រុមហ៊ុន Mazda នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ដោយបានផ្ដោតលើការយកចិត្តទុកដាក់ លើបច្ចេកវិទ្យា Skyactiv ដែលជាបច្ចេកវិទ្យាថ្មីបំផុត និងទំនើបចុងក្រោយ ក្នុងវិស័យឧស្សាហកម្មរថយន្ត ត្រូវបង្ហាញជូនដល់អ្នកប្រើប្រាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងាររបស់ក្រុមហ៊ុន «Mazda Motor Corporation» ចង់ធ្វើការណែនាំជាពិសេស ជូនប្រជាជនកម្ពុជា អំពីបច្ចេកវិទ្យា Skyactiv ។ SKYACTIV គឺជាបច្ចេកវិទ្យាទំនើបបំផុត ដែលត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាបច្ចេកវិទ្យាឈានមុខ ក្នុងវិស័យឧស្សាហកម្មរថយន្ត។ បច្ចេកវិទ្យានេះ ផ្តោតទៅលើផ្នែកសំខាន់ៗចំនួនបួនរបស់រថយន្ត ដែលមានដូចជា ម៉ាស៊ីន ប្រអប់លេខ ការរចនាតួរថយន្ត និង តួសាក់ស៊ី។ បច្ចេកវិទ្យានេះ ធានារនូវ ការកាត់បន្ថយផលប៉ះពាល់ បរិស្ថានកម្រិតខ្ពស់ រចនាមុខងារសុវត្ថិភាពខ្ពស់ ជាងរថយន្តផ្សេងៗក្នុងពេលធ្វើដំណើរ ហើយបច្ចេកវិទ្យាទាំងនេះ នឹងបញ្ចូលនៅក្នុងរថយន្តគ្រប់ស៊េរីទាំងអស់ របស់ Mazda។
លោក Hiroshi Inoue ជា Managing Executive Officer, ASEAN Business បានថ្លែងថា «ទិសដៅរបស់ក្រុមហ៊ុន Mazda គឺផ្តល់នូវភាពរីករាយ ក្នុងការបើកបរដ៏ល្អបំផុតដល់អតិថិជន។ ដូច្នេះក្រុមហ៊ុន Mazda បានបង្កើតចក្ខុវិស័យមួយ នៅក្នុងឆ្នាំ ២០០៧ គឺ «sustainable zoom zoom» ហើយគន្លឹះក្នុងការធ្វើឲ្យចក្ខុវិស័យនោះ ក្លាយជាការពិត គឺតាមរយៈ ភាពស្អាតអនាម័យ ការកាត់បន្ថយការបំភាយឧស្ម័ន CO2 និង សុវត្ថិភាព។ នេះជាមូលហេតុ ដែលនាំវិស្វកររបស់ក្រុមហ៊ុនយើង បន្តស្វែងរកបច្ចេកវិទ្យាថ្មី ដើម្បីសម្រេចបាននូវចក្ខុវិស័យ រហូតយើងបានរកឃើញ បច្ចេកវិទ្យា Skyactiv»។
SKYACTIV-Chassis បច្ចេកវិទ្យាដែល ផ្តោតទៅលើការវិវត្តតួសាក់ស៊ីរថយន្ត ដែលមានទម្ងន់ស្រាលជាងមុន ១៤% ដែលធ្វើអោយរថយន្តមានភាពបត់បែនរហ័ស ថាមពលអគ្គិសនីរថយន្ត ដំណើរការប្រសើរជាងមុន និង សុវត្ថិភាពជាងមុន។
លោកបន្ថែមថា SKYACTIV-Body បច្ចេកវិទ្យាដែលសំដៅលើតួខាងក្រៅរថយន្ត ដែលប្រើដែកស្វិតមានភាពមាំ រឹងជាងមុន ៣០% ផ្គួបជាមួយនឹងទម្ងន់ ដែលស្រាលជាងមុន ធ្វើអោយសុវត្ថិភាព ក្នុងពេលបុក ឬ ប៉ះកាត់បន្ថយបានខ្លាំង។ ការរចនារាងរៅរបស់ តាមរយៈបច្ចេកវិទ្យា SKYACTIV-Body ផ្តោតសំខាន់លើការប្រើប្រាស់ដែក ដែលផ្តល់សុវត្ថិភាពខ្ពស់ ដូចជា ការប្រើប្រាស់ដែក ដែលការពារការឆាបឆេះ ពីអគ្គីភ័យខ្ពស់ រួមទាំងការប្រើដែកថែបធន់ធ្ងន់ នៅតំបន់សំខាន់ៗមួយចំនួន ផងដែរ។
SKYACTIV-MT បច្ចេកវិទ្យាដែលផ្តោត លើការវិវត្តប្រអប់លេខដៃ ដែលរចនាឡើង តូច និង ស្រាលជាងមុន បញ្ចូលលេខរហ័ស ដែលធ្វើឲ្យការដូរលេខពីមួយទៅមួយខ្លី មិនប្រើកំលាំងដៃខ្លាំង ហើយចូលលេខលឿន ស្រួលជាងមុន នាំអោយម៉ាស៊ីនមិនកញ្ឆក់ ការកកិតមានកំរិតទាប ដែលនាំអោយសន្សំសំចៃប្រេង ជាងមុនផងដែរ។
SKYACTIV-Drive បច្ចេកវិទ្យា ដែលផ្តោតលើការវិវត្តប្រអប់លេខ ដោយស្វ័យប្រវត្តិ (លេខអូតូ) ដែលទទួលបានប្រសិទ្ធិភាព នៃការផ្ទេរកម្លាំងបង្វិលជុំ ខ្ពស់ជាងមុន ដែលធ្វើឲ្យការសន្សំសំចៃសាំង បានដល់ទៅ ៧% ធៀបទៅហ្នឹងប្រអប់លេខពីមុន។ វាបញ្ចូលគ្នានូវគុណសម្បត្តិ នៃប្រអប់លេខបីប្រភេទ Conventional AT Transmission, Continuously Variable Transmission (CVT) and Dual Clutch ដែលនៅពេលរថយន្តបន្ថយល្បឿន ឬចង់ជែង ការបញ្ជូលលេខបញ្ជូនទៅម៉ាស៊ីនលឿន និងខ្លាំងជាងមុន។
SKYACTIV-D ជាបច្ចេកវិទ្យា ដែលម៉ាស៊ីនដែលមាន ការលាងចំហេះប្រេងម៉ាស៊ូតបានខ្ពស់ ដែលបានជាប់ ស្តង់ដារកាត់បន្ថយការបញ្ចេញឧស្ម័ន ពុលពីរថយន្ត របស់ Euro 6 emission standards នៅអឺរ៉ុប និង Tier2Bin5 នៅអាមេរិកខាងជើង និងជប៉ុន។ លក្ខណៈពិសេសថ្មីពីរ ដែលបានមកពីម៉ាស៊ីន SKYACTIV-D គឺ Selective Catalytic Reduction (SCR) and the Lean NOx Trap (LNT)ដែលមានកំប្រេស្យុងទាបបំផុត នៅក្នុងពិភពលោករហូតដល់ ១៤:១ ធ្វើឲ្យមានការសន្សំសំចៃ សាំងរហូតដល់ ២០%។
ដោយសង្កេតឃើញថា បច្ចេកវិទ្យាមូលដ្ឋានពីមុនរបស់រថយន្ត ដែលប្រើម៉ាស៊ីនចំហេះផ្ទៃខាងក្នុង នៅតែប្រើប្រាស់យ៉ាងច្រើនក្នុងទីផ្សារយ៉ាងហោចណាស់ 10 ឆ្នាំខាងមុខទៀត។ ក្រុមហ៊ុន Mazda មានបំណងកែច្នៃបច្ចេកវិទ្យាមូលដ្ឋានេះ ដើម្បីសម្រេចបាននូវភាពល្អឥតខ្ចោះនៃការបញ្ឆេះនិងកម្តៅម៉ាស៊ីន ហើយសមិទ្ធផល ដ៏ធំបំផុតមួយរបស់យើងគឺ SKYACTIV-G ។ SKYACTIV-G ជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់ម៉ាស៊ីនចាក់សាំង ដែលមានប្រសិទ្ធិភាពធ្វើការល្អ ក្នុងការកាត់បន្ថយកម្តៅ និងចំហេះ ហើយសន្សំសំចៃសាំង និង បង្កើនកំលាំងបង្វិល រហូតដល់ ១៥% ខ្លាំងជាងមុន។
លោក Hiroshi Inoue គិតថា ប្រជាជនកម្ពុជាគួរតែប្រើប្រាស់រថយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យា Skyactiv ព្រោះវាជួយសម្រួលដល់សេដ្ឋកិច្ច របស់គ្រួសារច្រើន តាមរយៈការចំណាយតិចលើសាំង និងការកាត់បន្ថយផលប៉ះពាល់បរិស្ថានខ្ពស់៕