(ភ្នំពេញ)៖ តុលាការកំពូលកម្ពុជា ចេញដីកាសម្រេចមួយថា ខ្លួននឹងមិនលើកយកករណី «រំលាយគណបក្សសង្រ្គោះជាតិ» មកជំនុំជម្រះសាជាថ្មីទេ។ នេះបើតាមសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបណ្តាញព័ត៌មាន Fresh News បានទទួលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាការទាត់ចោលនូវបណ្តឹងរបស់ អតីតសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានដាក់ពាក្យប្តឹងសើរើ កាលពីប៉ុន្មានថ្ងៃមុន ដើម្បីតុលាការកំពូលបើកសវនាការឡើងវិញ ចំពោះការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងកាត់ទោសមិនឱ្យមេដឹកនាំគណបក្សនេះ១១៨រូប ចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។
ដីកាសម្រេចរបស់តុលាការកំពូល បានលើកយកសំអាងហេតុចំនួន៤ចំណុច ក្នុងការសម្រេចមិនលើកយកសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ មកជំនុំជម្រះសាជាថ្មី ដោយតែតាមមាត្រា៤៥ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ សាលដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការបើកការជំនុំជម្រះសាជាថ្មីទេ គឺសាលដីកាដែលបិទផ្លូវតវ៉ា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានចេញសាលដីការមួយ កាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ និង ផ្អាកសកម្មភាពនយោបាយរបស់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ហើយសម្រេចបិទផ្លូវតវ៉ា ។
ក្រោយពេលមានការកាត់ទោសនេះ ក្រសួងមហាផ្ទៃ ក៏សម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ហើយស្លាកគណបក្សសង្គ្រោះជាតិទាំងអស់ ក៏ត្រូវបានទម្លាក់រួចរាល់ហើយដែរ៕