(ព្រះវិហារ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយអង្គភាពពាក់ពន្ធ បានធ្វើការចុះផ្សព្វផ្សាយអប់រំអំ ពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ការចុះផ្សព្វផ្សាយអប់រំដល់សិស្សឲ្យយល់ដឹងអំពីសុវត្ថិភាព និងគុណភាពចំណី អាហារនៅពេលនេះ គឺមានកាសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ អាជ្ញាធរស្រុកត្បែងមានជ័យ ក៏ដូចជា មន្ត្រីពាក់ព័ន្ធផ្សេងទៀតក្នុងគោល បំណងឲ្យប្អូនៗ សិស្សានុសិស្សបានយល់ដឹង អំពីសុវត្ថិភាពចំណីអាហារមុន និងទិញទៅទទួលទាន។
លោក ដួង មុន្នី បានបន្តថា បើប្អូនៗសិស្សានុសិស្សបានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារបានច្បាស់លាស់នោះហាក់បីដូចជា បានចូលរួម ក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារបានមួយផ្នែកធំដែរ។ ប៉ុន្តែបើប្អូនៗសិស្សានុសិស្សមិនបានយល់ច្បាស់ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគ មិនបានត្រួតពិនិត្យមើលនោះ ច្បាស់ជាប៉ះពាល់ដល់សុខភាពមានជំងឺផ្សេងៗ នាំឲ្យក្រុមគ្រួសារ ខាតបង់ថវិការក្នុងការព្យាបាលជំងឺមិនខាន ហើយក្រៅពីនោះធ្វើឲ្យយើងខាតបង់ពេលវេលាសិក្សាមិនខាន។
លោកប្រធានសាខាកាំកុងត្រូល ក៏បានផ្តាំផ្ញើឲ្យប្អូនៗ សិស្សានុសិស្សមុនទិញម្ហូបអាហារយកមកបរិភោគ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ពីការវេចខ្ចប់ថ្ងៃខែ ផលិត.....ចៀសវាងនាំឲ្យបរិភោគទៅប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះផងដែរ លោកក៏បានចែកនូវផុសស្ទ័រសម្រាប់យក ទៅបិទនៅជញ្ជាំងឲ្យប្អូនៗ សិស្សានុសិស្សយកទៅពិនិត្យសិក្សាស្វែងយល់ បន្ថែមដោយខ្លួនឯងផងដែរ៕