(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវតំណាងលោក ជា ពិសី អភិបាលខណ្ឌ បានជូនដំណឹងភ្លាមៗទៅកាន់ ប្រជាពលរដ្ឋជាអាជីវករចំនួនជាង៦០គ្រួសារ ដែលលក់ដូរបណ្ដោះអាសន្នតាមរទេះ លើសួនច្បារទីលានប្រជាធិបតេយ្យ នៅខាងមុខឃ្លាំងសាំងសូគីម៉ិច តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឲ្យបានជ្រាបថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានការលក់ដូរតទៅទៀតបានឡើយ ប្រសិនបើនៅតែមិនមានការចោលកាកសំណល់សំរាម យ៉ាងអនាធិបតេយ្យ ដោយគ្មានការបោសលាងសម្អាតអនាម័យ ពិសេសបង្កការកកស្ទះចរាចរ ជាដើម ដែលអាចធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ប៉ះពាល់បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។
ជាមួយគ្នានោះលោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋជាជីវករលក់ដូរបណ្ដោះអាសន្ន តាមរទេះទាំងជាង៦០គ្រួសារ នៅលើសួនច្បារទីលានប្រជាធិបតេយ្យ យល់ព្រមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ ដោយមិនបំពានលើគំនូសសរបស់ចិញ្ចើមផ្លូវ ពិសេសក្រោយពីលក់ដូររួចរាល់ នៅតាមទីតាំងរទេះនីមួយៗ ត្រូវទទួលខុសត្រូវ ក្នុងការប្រមូលកាកសំណល់សំរាម បោសលាងសម្អាត ឲ្យបានត្រឹមត្រូវ ទើបអនុញាតឲ្យលក់ដូរបន្តទៅទៀតបាន។
ការជូនដំណឹងហាមប្រាម និងការអនុញ្ញាតខាងលើនេះ ត្រូវបានលោក ប្រាជ្ញ សីហា លើកឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខណ្ឌឫស្សីកែវ បន្ទាប់ពីមានការស្នើសុំយ៉ាងទទូចមកកាន់អាជ្ញាធរ ឲ្យជួយដោះស្រាយផ្ដល់ទីតាំងលក់ដូរបណ្ដោះអាសន្ន លើសួនច្បារទីលានប្រជាធិបតេយ្យ ពីសំណាក់ក្រុមជីវករជាង៦០គ្រួសារ ដែលលក់ដូរតាមរទេះជាយូរមកហើយ។
លោក ប្រាជ្ញ សីហា បានថ្លែងថា ដើម្បីរក្សាការពារបាននូវសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងការថែរក្សាបរិស្ថានល្អ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ចាំបាច់ណាស់ទាមទារឲ្យមានសហការ ចូលរួមពីប្រជាពលរដ្ឋទើបជោគជ័យ តែបើក្នុងករណី ក្រុមអាជីវករលក់ដូរតាមរទេះ លើសួនច្បារទីលានប្រជាធិប្បតេយ្យជាង៦០គ្រួសារ មិនអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ ហើយនៅតែបន្តបំពាន ចោលកាកសំណល់សំរាម ដោយគ្មានការបោសលាងសម្អាតឲ្យបានត្រឹមត្រូវ ដាច់ខាតមិនអនុញាតឲ្យលក់ដូរបន្តទៅទៀតបានឡើយ៕