(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សាធារណរដ្ឋឆែកនឹងបន្តផ្តល់ជំនួយបន្តដល់កម្ពុជា ពីឆ្នាំ២០១៨-២០២៣ ផ្តោតលើការថែទាំកុមារ-ទារក (វិស័យសុខាភិបាល) បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតធនធានមនុស្សឲ្យបានល្អ និងជួយលើការអភិវឌ្ឍបញ្ហាបរិស្ថាន និងអនាម័យ។
លោក នឹម ថូត បន្តថា គោលបំណងនៃជំនួយនេះ ដើម្បីគាំទ្រកម្ពុជា និងជួយកម្ពុជាឲ្យរួចផុតពីប្រទេសដែលទទួលបានចំណូលតិច មកមធ្យម និងឈានរហូតក្លាយជាប្រទេសដែលមានចំណូលច្រើន។
ការថ្លែងរបស់លោក នឹម ថូត តំណាងរដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈលោកបានជួបសម្តែងការគួរសមជាមួយប្រតិភូ មកពីព្រឹទ្ធសភាសាធារណៈរដ្ឋឆែកដឹកនាំដោយ លោក Ivo Barek ប្រធានប្រតិភូ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្តីការក្រសួងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
ជាការឆ្លើយតបលោក Ivo Barek ប្រធានដឹកនាំប្រតិភូព្រឹទ្ធសភាសាធារណៈរដ្ឋឆែក បានសម្តែងការរីករាយ ដែលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងសង្គមកិច្ច ដែលចូលរួមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានភាពល្អប្រសើរជាបន្តបន្ទាប់។ លោកបានបន្តថា ការខិតចំប្រឹងប្រែងនេះ គឺជាជ័យជំនះដ៏ធំមួយសម្រាប់កម្ពុជា សម្រាប់រាជរដ្ឋាភិបាល សម្រាប់ក្រសួង និងសម្រាប់ប្រជាពលរដ្ឋទាំងមូលផងដែរ។
លោក Ivo Barek បានបញ្ជាក់ថា ជំហរបស់សាធារណៈឆែក គឺលុបចោលបំណុលដែលកម្ពុជាជំពាក់ទាំងអស់ និងចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោម១២ប្រទេស ដែលសាធារណៈឆែក នៅតែបន្តផៀ្តល់ជំនួយ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៀត។
កិច្ចពិភាក្សារវាងក្រសួងសង្គមកិច្ច និងគណៈប្រតិភូសាធារណរដ្ឋឆេក នាថ្ងៃនេះ បានផ្តោសំខាន់លើចំណុចមួយចំនួនរួមមាន៖ ការអភិវឌ្ឍន៍សុខុមាលភាពរបស់កុមារសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ, សុខុមាលភាពយុវជន, សុខុមាលភាពជនពិការ, អភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់, រៀបចំរបបសន្តិសុខសង្គម, សុខុមាលភាពអតីតយុទ្ធជន, សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គម, ពង្រឹងសមត្ថភាពស្ថាប័ន។
លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបន្ថែមឲ្យដឹងថា ស្ថានភាពនៅកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន កសាងប្រទេសបានសន្តិភាពពេញបរិបូរណ៍ មានការរីកចម្រើនលើគ្រប់វិស័យ សុខាភិបាល អប់រំ ពាណិជ្ជកម្ម ទេសចរណ៍ ហើយចំណូលសេដ្ឋកិច្ចក៏មានការកើនឡើងជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច មានតួនាទីបម្រើដល់កុមារ ស្រ្តីរងគ្រោះ អតីតយុទ្ធជន មន្រ្តីរាជការ សង្គមស៊ីវិល ដោយមានការរៀបចំគោលនយោបាយ ធ្វើឲ្យក្រុមពួកគាត់បាន ទទួលអត្ថប្រចយោជន៍។
ជាមួយគ្នានោះ លោក នឹម ថូត ក៏បានថ្លែងអំរគុណដល់រដ្ឋាភិបាល និងប្រជាជនឆេក ដែលបានជួយប្រជាពលរដ្ឋខ្មែរតាំងពី ក្រោយថ្ងៃ០៧ មករា ឲ្យកម្ពុជារស់រានមានជីវិត និងនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយផ្តោតលើវិស័យ សុខាភិបាល វិស័យអប់រំ បរិស្ថាន៕