(ភ្នំពេញ)៖ ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាកម្ពុជា លោក ឈាង វុន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានហៅសកម្មភាពសវនាការ របស់មនុស្សមួយក្តាប់តូចនៃអនុគណៈកម្មាធិការកិច្ចការបរទេស របស់រដ្ឋសភាសហរដ្ឋអាមេរិក នាពេលកន្លងមកថា ជាអំពើផ្តេសផ្តាស ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់កម្ពុជា ដែលជារដ្ឋឯករាជ្យ ហើយសកម្មភាពនោះគ្រាន់តែ ជាអំពើប្រជាភិថុត តែប៉ុណ្ណោះ។
ប្រតិកម្មរបស់ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា នៅពេលនេះ បានធ្វើឡើង បន្ទាប់ពីអនុគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាអាមេរិក ទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក ដែលមានមនុស្សមួយចំនួនតូចនោះ បានបើកសវនាការមួយ «ដែលហៅគេថា ស្តីពីបញ្ហាកម្ពុជា» មានអ្នកចូលរួមសុទ្ធសឹងតែជាមនុស្សរបស់ អតីតគណបក្សប្រឆំាងនៅកម្ពុជា ដែលត្រូវតុលាការរំលាយ ទៅហើយនោះ។
លោក ឈាង វុន បានលើកឡើងថា ការអនុវត្ត Hearing at US house Subcommittee on Asia and Pacific គឺជាអំពើដែលសភាទាំងអស់ លើសកលលោកគួរចៀសវាង ហើយថា សកម្មភាពទំាងនោះ ជាអំពើផ្តេសផ្តាសបំផុត។
លោកបានមានប្រសាសន៍ថា «សវនាការរបស់អនុគណៈកម្មការកិច្ចការបរទេសទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក របស់រដ្ឋសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយសមាជិកសភាមួយក្រុមតូចនេះ គេបានហៅអ្នកមកធ្វើជាសាក្សីចូលបំភ្លឺ សុទ្ធសឹងជាក្រុមមនុស្សប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ប្រឆំាងជាមួយគណបក្សប្រជាជនកម្ពុជា និងប្រឆំាងទៅនឹងការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល កើតចេញពីឆន្ទៈ របស់ប្រជាពលរដ្ឋ ដោយស្របច្បាប់។ លោកឈាង វុន បានលើកឡើងថា សវនាការនោះ ក៏មិនបានស្វះស្វែងរកការបំភ្លឺអំពីភាគីប្រឆំាង ដែលចង់ផ្តួលរំលំរដ្ឋាភិបាលនោះទៅទៀត។
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា សវនាការរបស់ មនុស្សក្រុមនេះ ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសមួយដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយដែលត្រូវហាមឃាត់ ដាច់ខាត ដោយធម្មនុញ្ញ នៃអង្គការសហប្រជាជាតិនោះ។
ក្នុងនាមប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក ឈាង វុន បានធ្វើការថ្កោលទោសយ៉ាងខ្លំាង ចំពោះសកម្មភាពរបស់អនុគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាសហរដ្ឋអាមេរិកនេះ៕