Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញទឹកក្រូចចម្រុះ Nestle ចាហួយដូង ដែលខូចគុណភាព ដាក់លក់ក្នុងផ្សារទ្រា, មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដកហូតយកទុកដុតកំទេចចោល

15-12-2017 14:57

(ព្រៃវែង)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានសហការ ជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារទ្រា ក្នុងភូមិផ្សារទ្រា ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោក ប្រាក់ ករុណា អនុប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង ទទួលបន្ទុកជាប្រធានការិយាល័យទីផ្សារ និងប្រមូលចំណូល បានឲ្យដឹងថា ការចុះអង្កេតទំនិញ នៅផ្សារទ្រានេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញ ទឹកក្រូចចម្រុះ Nestle ចាហួយដូងកញ្ចប់ ចំនួន៤១កញ្ចប់ ផលិតនៅប្រទេសវៀតណាម ចាហួយកំប៉ុង ចំនួន៤ កំប៉ុង ផលិតនៅប្រទេសវៀតណាម ខូចគុណភាព និងហួសកាលបរិច្ឆេទ ដោយសរុបទាំងអស់ជាង៤៧,១៤គីឡូក្រាម។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក ប្រាក់ ករុណា ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕