(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ មានរថយន្តធុនធំដឹកអេស្កាវ៉ាទ័រកាយដីមួយគ្រឿង បានជ្រុលចង្កូតបុករះចូលទីស្នាក់ការគយ និងរដ្ឋាករប្រចាំការនៅរោងចក្រប្រេងកាត នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្ដាលឲ្យខូចខាតសម្ភារអស់មួយចំនួនធំ ប៉ុន្ដែមិនមានបណ្ដាលនរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តធុនធំមួយគ្រឿង ដែលមានផ្លាកលេខភ្នំពេញ 3A-2542 បានដឹកគ្រឿងចក្រអេស្កាមួយគ្រឿង មកពីវាលរេញចូលមកខេត្តព្រះសីហនុ តាមផ្លូវសម្តេចសង្ឃទេពវង្ស ដល់ផ្លូវចុះចំណោតឆ្លងថ្នល់រទេះភ្លើង មុខរោងចក្រប្រេងកាត ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករះចូលទីស្នាក់ការគយតែម្តងទៅ។
បើតាមមន្ដ្រីនគរបាលក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលខូចខាត រថយន្តម៉ាក LUXES RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AQ-8596 មួយគ្រឿងផ្នែកខាងក្រោយ, ម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ, បាក់រលំសំយ៉ាបខាងមុខ និងសម្ភារមួយចំនួនទៀត របស់ស្នាក់គយ និងជនរងគ្រោះម្នាក់ឈ្មោះ ភឿង សុភា អាយុ២៦ឆ្នាំ រងរបួសស្រាល។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការវាសវែងដើម្បីដោះស្រាយតាមច្បាប់៕