(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីបើកសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា «ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧» ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្ដាប្រទេសក្នុងតំបន់ រួមមាន៖ ប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក ដែលកំពុងប្រតិបត្តិការនៅកម្ពុជា សរុបចំនួន ១៩៨ក្រុមហ៊ុន មានស្ដង់សរុបចំនួន ២៨៦ស្ដង់។
លោករដ្ឋមន្ត្រីបន្តថា ផលិតផល និងសេវាជាច្រើនប្រភេទ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រ អង្ករ វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ ក្រណាត់ វាយនភណ្ឌ និងសម្លៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលសម្រាប់តុបតែង ក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ផលិតផលឱសថ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃ គ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ គ្រឿងសង្ហារិម សម្ភារសំណង់ ផលិតផលបម្រើឲ្យសេវាសណ្ឋាគារ សេវាទេសចរណ៍ សេវាអប់រំ និងសេវាធនាគារ។
បើតាមលោក ប៉ាន សូរស័ក្តិ ពិព័រណ៍ «ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា» ជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគដ៏ល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ អ្នកប្រើប្រាស់នឹងបានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ក៏ដូចជាទំនិញនាំចូលដែលមានគុណភាព។ ជាមួយនឹងការដាក់តាំងបង្ហាញទំនិញនាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏សម្បូរបែប ដែលយកមកពីបណ្ដាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀបចំនូវជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា និងការប្រគំតន្ត្រីនៅក្នុងបរិវេណមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីទាក់ទាញអ្នកទស្សនាពិព័រណ៍ និងមហាជនទូទៅក្នុងគោលបំណងធ្វើឲ្យព្រឹត្តិការណ៍ពាណិជ្ជកម្មនេះកាន់តែមានភាពទាក់ទាញ៕