(ភ្នំពេញ)៖ សាធារណរដ្ឋឆែក ដែលជាសមាជិករបស់សហភាពអឺរ៉ុប បានប្រកាសរឹតចំណងមិត្តភាពជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាលើរឿងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាការសម្រេចរបស់តុលាការកំពូលនោះឡើយ។
ការអះអាងបែបនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូនៃគណៈកម្មាធិការសុខភាព និងគោលនយោបាយសង្គម នៃព្រឹទ្ធសភាសាធារណរដ្ឋឆែក ដឹកនាំដោយលោក Ivo Barek អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែកនៅទីស្តីការក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបលោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ក្នុងជំនួបនេះគណៈប្រតិភូព្រឹទ្ធសភាឆែក និងរូបលោក បានពិភាក្សាក្រោយបរិយាកាស ដ៏ស្និទ្ធស្នាលបំផុតពាក់ព័ន្ធនឹងចំណងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋឆែក ដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋឆែក។
ក្នុងជំនួបនោះ លោក អ៊ុច បូរិទ្ធ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា តាំងពីកម្ពុជារំដោះខ្លួនចេញពីរបប ប្រល័យពូជសាសន៍ប៉ុលពត មកដល់ពេលបច្ចុប្បន្ន។ លោក អ៊ុច បូរិទ្ធ និងគណៈប្រតិភូព្រឹទ្ធសភាឆែក ក៏បានពិភាក្សាទៅលើការផ្តល់ជំនួយសម្រាប់កម្មវិធី អភិវឌ្ឍន៍ឆ្នាំ២០១៨-២០២៣ ទៅលើវិស័យសិក្សាធិការ សុខាភិបាល និងកសិកម្មជាដើម។
បើតាមលោក អ៊ុច បូរិទ្ធ គម្រោងនេះ នឹងត្រូវចុះហត្ថលេខារវាងមន្ត្រីផ្នែកអភិវឌ្ឍន៍របស់កម្ពុជា និងសាធារណរដ្ឋឆែកក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រៅពីការពិភាក្សាទៅការរឹតចំណងមិត្តភាព និងកិច្ចអភិវឌ្ឍន៍ហើយ លោក អ៊ុច បូរិទ្ធិ ក៏បានឆ្លៀតរៀបរាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសរឿងរំលាយគណបក្សសង្គ្រោះជាតិ ជូនទៅគណៈប្រតិភូព្រឹទ្ធសភារបស់ឆែក ដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុបផងដែរ។
លោក អ៊ុច បូរិទ្ធ បានគូសបញ្ជាក់ថា ក្រោយពីបានស្តាប់អំពីស្ថានការណ៍នយោបាយនៅកម្ពុជាហើយនោះ គណៈប្រតិភូរបស់ឆែកបានឆ្លើយតបថា ឆែកមានគោលនយោបាយច្បាស់លាស់ដោយមិនជ្រៀតជ្រែកគោលនយោបាយរបស់ប្រទេសដទៃនោះទេ ហើយគោរពការសម្រេចចិត្តរបស់កម្ពុជា។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមបានបញ្ជាក់ថា សាធារណរដ្ឋឆែក គឺមានគោលនយោបាយច្បាស់លាស់ណាស់ គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ គឺអត់ទេ។ អ៊ីចឹងសាធារណរដ្ឋឆែកគោរពនូវសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកបញ្ជាក់ថា គ្មាននរណាមួយអាចរំលោភបំពានលើភារកិច្ច កាតព្វកិច្ចរបស់តុលាការកំពូលប្រទេសនីមួយៗបានទេ នៅសាធារណរដ្ឋឆែក ក៏ដូចគ្នាផងដែរ។ នេះជាការសម្រេចផ្ទៃក្នុងរបស់កម្ពុជា»។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរបស់កម្ពុជាកាត់រំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទថាបានប្រព្រឹត្តទង្វើក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្រៅពីការរំលាយគណបក្សនយោបាយមួយនេះហើយ តុលាការកំពូល ក៏បានហាមឃាត់ថ្នាក់ដឹកនាំគណបក្សមួយនេះ ១១៨រូបមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ប្រតិកម្មតបការរំលាយនេះ សភាអាមេរិក និងសភាសហភាពអឺរ៉ុបផងដែរ បានព្រមានក្នុងការដាក់ទណ្ឌកម្មដល់កម្ពុជា។ លោក អ៊ុច បូរិទ្ធ បានអះអាងថា ការសម្រេចរបស់សភាអឺរ៉ុប មិនមែនចេះតែអាចធ្វើទៅបាននោះទេ ព្រោះការអនុម័តទាំងឡាយស្ថិតនៅលើគណៈកម្មការអឺរ៉ុប។
បើតាមលោក អ៊ុច បូរិទ្ធ សភាសហភាពអឺរ៉ុប ធ្លាប់បានប្រតិកម្មច្រើនលើកច្រើនសារមកហើយតាមការអំពាវនាវរបស់លោក សម រង្ស៊ី និងបក្ខពួក តែទីបំផុតសហភាពអឺរ៉ុប មិនដែលបានអនុម័តតាមនោះឡើយ៕