(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានព្រមានដល់ លោក សម រង្ស៊ី រួមទាំងអតីតថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិមួយចំនួនថា កុំចេះតែលួងខ្លួនឯងជាប្រចាំ ហើយធ្វើអ្វីៗដើម្បីបម្រើបរទេសនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលពួកទៅពឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអន្តរជាតិឱ្យអន្តរាគមន៍មកលើកម្ពុជានោះ នឹងមិនមានសង្ឃឹមឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់និយាយរឿងនយោបាយទេ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា សូមកុំលួងចិត្តខ្លួនឯង ប្រចាំថ្ងៃ ប្រចាំអាទិត្យ ឬប្រចាំខែ។ អ្នកខ្លះសង្ឃឹមទៅលើការបង្កកទ្រព្យសម្បត្តិ របស់មេដឹកនាំកម្ពុជា នៅក្រៅប្រទេស សូមអញ្ជើញធ្វើទៅ ខ្ញុំរុញឱ្យអ្នកឯងធ្វើទៅ ដើម្បីឱ្យដឹងថា តើមេដឹកនាំកម្ពុជាណាខ្លះ មានលុយនៅក្រៅប្រទេស រឹបទៅ ខ្ញុំរុញឱ្យអ្នកឯងរឹប»។
ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្តេចអញ្ជើញ សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានកំពុងធ្វើសកម្មភាពនានា ដើម្បីស្វែងរកការអន្តរាគម ពីសហគមន៍អន្តរជាតិ ដើម្បីជួយឱ្យមានការដោះលែង លោក កឹម សុខា ហើយអនុញ្ញាតឱ្យ គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកាត់ទោសរំលាយ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ អាចបើកដំណើរការឡើងវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨។
កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកូនស្រីរបស់លោក កឹម សុខា បានបញ្ជាក់ថា កញ្ញាគ្រោងនឹងទៅជួបជាមួយ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដើម្បីនិយាយពីរឿងរំលាយគណបក្សសង្រ្គោះជាតិ ហើយស្នើឱ្យ ស្ថាប័នមួយនេះ ជួយអន្តរាគមន៍ដល់អតីតគណបក្សសង្រ្គោះជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «កុំលួងចិត្តខ្លួនឯង តាមរយៈការធ្វើកញ្ចាស់គេនោះ។...សេចក្តីសម្រេចចិត្តមានអ្នកខ្លះ ហ៊ាននិយាយដូច្នេះទៅទៀត គេថាបន្តិចទៀតទៅដល់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសងហប្រជាជាតិ។ ខ្ញុំសូមផ្តាំទៅ សូមរៀនសូត្រ ដើម្បីឱ្យដឹងជាងនេះបន្តិចថា ដូចម្តេចបានជាគេហៅថា ក្រុមប្រឹក្សាសន្តិសុខ»។
សម្តេចបានបន្តថា៖ «នៅក្នុងក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្រ្តៃយ៍ចំនួន៥ប្រទេស ដែលរួមមានចិន រុស្ស៊ី បារាំង អាមេរិក និងអង់គ្លេស បើក្នុងចំណោម៥នោះ មានតែមួយវេតូ គឺចប់ សូមផ្តាំទៅ ហើយសូមផ្តាំទៅអ្នកនៅក្នុងស្រុក ដែលចាញ់បោកអ្នកពីខាងក្រៅមក សូមកុំសង្ឃឹមរៀនសូត្រ ឱ្យដឹងអំពីរចនាសម្ព័ន្ធរបស់អង្គការ សហប្រជាជាតិសិន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គ្មានន័យចាប់បង្ខំ សម្រាប់ការអនុវត្តទេ ផ្ទុយទៅវិញសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ មានន័យចាប់បង្ខំ ឱ្យមានការអនុវត្តការសម្រេចរបស់ សភាអាមេរិក ក៏មិនមែនមានន័យឱ្យរដ្ឋាភិបាលត្រាំ អនវុត្តដែរ ការអនុវត្តដោយសភាអឺរ៉ុប ក៏មិនមានលក្ខណៈចាប់បង្ខំឱ្យស្នងការអឺរ៉ុប សភាអឺរ៉ុប អនុវត្តនោះទេ ត្រូវយល់កិច្ចការងារនេះឱ្យបាន កុំលួងចិត្តខ្លួនឯងប្រចាំថ្ងៃ ប្រចាំអាទិត្យ និងប្រចាំខែ សូមអស់លោកចាំមើលទៅ មិនមែនអ្វីៗពិភពលោកអាចធ្វើបាន តាមចិត្តចង់ទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមបក្សប្រឆាំង ដែលត្រូវបានរំលាយ និងផ្អាកសកម្មភាពនយោបាយ ហើយកំពុងរកការអន្តរាគមន៍ពីបរទេសនោះថា កម្ពុជាពីអតីតកាលត្រូវគេហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងនៅតែអាចរស់បាន រឿងអីដែលត្រូវព្រួយបារម្ភសម្រាប់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សម្រាប់ស្ថានភាពប្រទេស ដូចពេលបច្ចុប្បន្ននោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា អត់ពីពួកអ្នកនយោបាយដែលផ្អាកសកម្មភាព ប៉ុន្មាននាក់នេះទៅ ក៏កម្ពុជាមិនស្លាប់នោះដែរ៕