(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំយ៉ាងទទូចចំពោះអត្តពលិកជយលាភីក្នុងការ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយឺតពេល បន្ទាប់ពីពួកគេខិតខំព្យាយាមរហូតដល់ឈ្នះមេដាយនៅលើឆាកអន្តរជាតិ នាពេលកន្លងមក។

ការថ្លែងបែបនេះ នៅក្នុងឱកាសសម្តេចតេជោជួបសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ២១១នាក់នៅវិមានសន្តិភាពនាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដោយសម្តេចបាន មានប្រសាសន៍ថា «ខ្ញុំសូមសម្តែងនូវមោទនភាពចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបាននាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិ ដោយបាននាំយកមកមេដាយយ៉ាងច្រើនពីការប្រកួតនានាលើឆាកអន្តរជាតិ និងក្នុងតំបន់ ហើយភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់រង្វាន់នេះ ដោយសារតែការទទួលបានមេដាយរបស់អត្តពលិកនៅឆ្នាំនេះ មានចំនួនច្រើន ហើយប្រាក់រង្វាន់មានទំហំលើសចំនួនដែលបានកំណត់»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញកីឡាករ-កីឡាការិនីមួយចំនួន រអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការទទួលប្រាក់រង្វាន់របស់ពួកគេនាពេលកន្លងមក ហើយបន្តតាំងចិត្តតាំងកាយឲ្យជាកីឡាករ កីឡាការិនីមានតម្លៃខ្ពស់ ដោយមិនត្រូវធ្វើខ្លួនជាកីឡាករ-កីឡាការិនីដូរលុយ ដូរអង្ករនោះទេដោយមិនត្រូវគិតថា «ប្រាក់រង្វាន់ ដូចជាប្រាក់សុំទាន» ដូចអ្នករិះគន់មួយចំនួននោះទេ។

ទោះជាណា សម្តេចតេជោ ក៏សូមសម្តែងការកោតសរសើរគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានប្រឹងប្រែងជំរុញវិស័យកីឡា ហើយរហូតឈានទៅដណ្តើមមេដាយពីម្ចាស់បង្កើតនៃប្រភេទកីឡាមួយចំនួន។ ដូចជាការកីឡាបេតង់ជាដើម កីឡាការិនីខ្មែរ បានដណ្តើមពីប្រទេសបារាំង ដែលជាអ្នកបង្កើតកីឡាប្រភេទនេះ។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ប្រាក់រង្វាន់ផ្ទាល់ខ្លួនចំនួន ១០,៩០០០ដុល្លារអាមេរិកផងដែរសម្រាប់ចែកជូនអត្តពលិកជយលាភី ដោយមេដាយមាស សម្តេចឲ្យ ១០០០០ដុល្លារ មេដាយប្រាក់ ៥០០០ដុល្លារ និងមេដាយសំរិទ្ធ ៣០០០ដុល្លារ និងគ្រូបង្វឹក ១០០០ដុល្លារ បន្ថែមលើប្រាក់រង្វាន់ដែលទទួលបានតាមអនុក្រិត្យផងដែរ។

សូមបញ្ជាក់ផងដែរថា គិតតាំងពីចុងឆ្នាំ២០១៦ រហូតដល់ចុងឆ្នាំ២០១៧ នេះ អត្តពលិកជម្រើសជាតិជាច្រើនប្រភេទ កីឡាសុទ្ធតែបានបង្ហាញទង់ជាតិ និងភ្លេចជាតិកម្ពុជាឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈឈ្នះមេដាយដ៏ច្រើន សន្ធឹកសន្ធាប់ (មេដាយមាស ប្រាក់ និងសំរិទ្ធ) ទាំងការប្រកួតលក្ខណៈពិភពលោក លក្ខណៈអាស៊ី និងប្រចាំតំបន់អាស៊ី អាគ្នេយ៍ថែមទៀតផង៕