(ភ្នំពេញ)៖ ទាំងនាយករដ្ឋមន្ត្រីនៃកម្ពុជា និងអ្នកនាំចេញទំនិញទៅសហភាពអឺរ៉ុប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ សុទ្ធតែអះអាងព្រមៗថា «អឺរ៉ុបគ្មានផ្លូវបិទការនាំចូលទំនិញរបស់កម្ពុជានោះទេ!»។
ការអះអាងយ៉ាងដូច្នេះ របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអ្នកនាំចេញ ត្រូវបានគេដឹងធ្វើឡើងបន្ទាប់ពីអតីតមេបក្សប្រឆាំង គឺទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅបរទេស បានសរសេរលើ Facebook របស់លោកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ថា នៅឆាប់ៗខាងមុខនេះ អឺរ៉ុបនឹងអនុវត្តវិធានការបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់ នៅក្នុងប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា។
ទោះបីថ្លែងមិនចំឈ្មោះតែត្រូវបានគេដឹងយ៉ាងច្បាស់ថា សំដៅលើលោក សម រង្ស៊ី ដែលតែងតែអំពាវនាវឲ្យបរទេស ដាក់ទណ្ឌកម្មមកលើប្រជាជនខ្លួននោះ, នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជួប សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានា ពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានទាត់ចោលសំដីដ៏ឥតប្រយោជន៍របស់លោក សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វិធានការទណ្ឌកម្ម តាមសំណូមពររបស់អ្នក មិនមែននរណាក៏ចេះតែធ្វើទេ! កុងត្រា កិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរ គេបានចុះហត្ថលេខារួចហើយ សួរថាវិស័យឯកជនគេព្រមធ្វើតាមទេ? ត្រូវសងគេងាប់នៅទីនេះ»។
ជាមួយគ្នានេះតំណាង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលទំនិញវាយនភណ្ឌរបស់កម្ពុជា ភាគច្រើននាំចេញទៅសហភាពអឺរ៉ុបនោះ បានចេញមកទាត់ចោលដំណឹងអកុសលដែលលើកឡើងដោយ លោក សម រង្ស៊ី នេះ និងបានបញ្ជាក់ថា ទីផ្សារទំនិញរបស់កម្ពុជា នៅអឺរ៉ុបនៅតែបច្ចុប្បន្នមិនមានបញ្ហាអ្វីទេ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមសារអេឡិចត្រូនិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា «ទីផ្សារសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា នៅអឺរ៉ុបបច្ចុប្បន្នមិនមានបញ្ហាអ្វីទេ។ អឺរ៉ុបមិនអាចបិទទីផ្សារផលិតផលកម្ពុជាទេ ព្រោះកម្ពុជាមិនមែន កូរ៉េខាងជើងនោះទេ»។
លោក ម៉ូល សារិទ្ធី អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន និងរោងម៉ាស៊ីន នាំចេញអង្ករទៅអឺរ៉ុបផងនោះ បានបញ្ជាក់ថា មិនទាន់មានព័ត៌មានពីសហគមន៍អឺរ៉ុប អំពីការបិទទីផ្សារមិនឲ្យកម្ពុជានាំចូលទំនិញទៅអឺរ៉ុបនោះឡើយ។
សូមជម្រាបថា អឺរ៉ុប គឺជាទីផ្សារយ៉ាងសំខាន់របស់កម្ពុជា។ រាល់ផលិតផលទំនិញអ្វីៗទាំងអស់របស់កម្ពុជា លើកលែងតែអាវុធ ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅអឺរ៉ុបដោយអនុគ្រោះពន្ធ។ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង និងអង្កររបស់ ត្រូវបាននាំចេញទៅអឺរ៉ុប គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕