Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនដំឡើងរថយន្តខ្នាតយក្សមួយ នឹងត្រូវបើកដំណើរការនៅដើមឆ្នាំ២០១៨ ក្នុងក្រុងស្វាយរៀង មានលទ្ធភាពដំឡើងរថយន្ត២ម៉ឺនគ្រឿងក្នុង១ឆ្នាំ

15-12-2017 12:50

(ភ្នំពេញ)៖ ក្រុមហ៊ុនដំឡើងរថយន្តខ្នាតយក្សមួយ នឹងត្រូវបើកដំណើរការនៅដើមឆ្នាំ២០១៨ខាងមុខនេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងស្វាយរៀង ដែលមានលទ្ធភាពដំឡើងរថយន្ត២ម៉ឺនគ្រឿងក្នុង១ឆ្នាំ ផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ១ម៉ឺនកន្លែង។

ដំណឹងនៃការដាក់ដំណើរការក្រុមហ៊ុននេះ ត្រូវបានប្រកាសឡើងនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពេលដែល លោក កែវ សុខឃាង ប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះពិនិត្យទីតាំង និងខ្សែសង្វាក់ផលិតកម្ម នៃឧស្សាហកម្មដំឡើងរថយន្តខ្នាតយក្ស របស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ខេត្តស្វាយរៀង។

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំទី២ ដែលទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត។ ក្រុមហ៊ុនដំឡើងរថយន្តនេះ នឹងចាប់ដំណើរការនាដើមឆ្នាំ២០១៨នេះ ដែលមានលទ្ធភាពដំឡើងរថយន្តបានប្រមាណ ២០,០០០គ្រឿងក្នុងមួយឆ្នាំ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ១០,០០០កន្លែង។

វត្តមានរបស់ក្រុមហ៊ុននេះ ជាសក្តានុពលភាពថ្មីរបស់ខេត្តស្វាយរៀង ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងចូលរួមចំណែកធ្វើ ឲ្យប្រជាពលរដ្ឋក្នុងតំបន់មានជីវភាព បានប្រសើរឡើងថែមមួយកម្រិតទៀត៕