(ភ្នំពេញ)៖ ផលិតកម្មមហាហង្ស បានធ្វើពិធីក្រុងពាលី ចេញថតខ្សែភាពយន្តថ្មីរឿង «ផ្ទះចុងភូមិ» ដែលជាស្នាដៃនិពន្ធថ្មីសន្លាងរបស់ផលិតករ លោក អ៊ិន សុភិន នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ នេះ។ អ្វីដែលគេចាប់អារម្មណ៍ នៅក្នុងខ្សែភាពយន្ត គេសង្កេតឃើញ តារាដែលត្រូវសម្ដែងនៅក្នុងរឿង បានបង្ហាញខ្លួននៅក្នុងកម្មវិធីក្រុងពាលីរឿងទាំងអស់ ដោយឡែកលើកលែងតែ នាយគ្រឿងម្នាក់គត់ ដែលជាតួអង្គសំខាន់នៅក្នុងសាច់រឿង ប៉ុន្តែបែរជាអវត្តមាន មិនមកចូលរួមក្នុងពិធីក្រុងពាលី ខ្សែភាពយន្តថ្មីរបស់ខ្លួន ទៅវិញ។
ចាងហ្វាងផលិតកម្ម «មហាហង្ស» លោក អ៊ិន សុភិន បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាមានសេចក្ដីរំភើប និងរីករាយជាខ្លាំង ដោយបានឃើញវត្តមាន សិល្បករ-សិល្បការិនីទាំងអស់ បានមកក្រុងពាលីរឿងនាព្រឹកនេះ។ ដោយឡែកចំពោះនាយគ្រឿន ដែលបច្ចុប្បន្ន នាយគ្រឿង គឺជាតារាដែលមមាញឹក នឹងការងារផ្ទាល់ខ្លួន ទើបបានជាលោក មិនបង្ហាញខ្លួន នៅថ្ងៃក្រុងពាលីរឿងរបស់ខ្លួន បែបនេះ។
ចាងហ្វាងផលិតកម្ម មហាហង្ស ដដែលរូបនេះ បញ្ជាក់ទៀតថា ចំពោះហេតុផល ដែលលោកជ្រើសរើសនាយគ្រឿន ធ្វើជាតួអង្គសម្ដែង ព្រោះតែលោកសម្គាល់ឃើញថា ចារិតលក្ខណៈរបស់នាយគ្រឿង ស័ក្តិសមនឹងសម្ដែង នៅក្នុងតួក្រមិចក្រមើម កំប្លែង ពោលគឺនាយគ្រឿង ពូកែសម្ដែង ទៅតាមធម្មជាតិ ធ្វើឲ្យមហាជនទស្សនាហើយ មានការពេញចិត្តគ្រប់ៗគ្នា។
លោក អ៉ិន សុភិន បញ្ជាក់ថា «បាទប្អូន.! ខ្សែភាពយន្តនេះ មានភាពខុសប្លែកពីខ្សែភាពយន្តដទៃទៀត ដោយនេះជារសជាតិថ្មីសន្លាង សម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាអ្នកសម្ដែងទាំងអស់ នៅក្នុងសាច់រឿង។ សាច់រឿង តម្រូវឲ្យតួឯកស្រី ជួបឈុតឆាកលំបាកៗជាច្រើន ជាពិសេសមានឈុតខ្មោចចូល ញ៉ាំសត្វកណ្ដុរផង គេធាក់ធ្លាក់ពីរទេះផង ត្រូវធ្លាក់ពីលើផ្ទះ តាំងពីដើម ដល់ចប់ ហើយតួខ្មោចចូលនេះ ត្រូវសម្ដែងដោយ កញ្ញា ម៉ៅ គឹមធីតា ដែលត្រូវជាសង្សា របស់នាយគ្រឿន និងប្អូនស្រីរបស់ ជា សុវណ្ណនរាហ៍ ជាពិសេសត្រូវថត នៅក្នងព្រៃដល់យប់អាធ្រាត្រ ដែលតួអង្គស្រីមួយចំនួន មិនហ៊ានធ្វើបែបនេះ!»។
លោកបន្តថា «តួសម្ដែង នៅក្នុងរឿងនេះ គឺសុទ្ធតែល្អៗ មានសមត្ថភាពខ្លាំងៗ ហើយ ជា សុវណ្ណនរាហ៍ និងនាយគ្រឿន ពួកគាត់ទាំងពីរនាក់ សម្ដែងជាមួយគ្នាបានល្អ ពេលឈុតខ្លះ ត្រូវនិយាយលងសើច ពួកគាត់ទាំងពីរនាក់ លេងពាក្យសំដីបានល្អ ដូចធម្មជាតិ។ ខុសពីតួអង្គខ្លះ ពួកគាត់មិនសូវលែងជាមួយគ្នា ពេលសម្ដែងជួបគ្នា មានអារម្មណ៍ថា ខ្លាចនិយាយទៅ ប៉ះពាល់សំដី ធ្វើឲ្យអន់ចិត្តចំពោះគ្នា។ តែនាយគ្រឿន និង ជា សុវណ្ណនរាហ៍ ពួកគាត់ទាំងពីរនាក់ មិនខ្វល់ពីការខឹងគ្នា ការទាស់សំដីគ្នា គឺពួកគាត់លែងមួយទំហឹង។ អ៊ឹចឹងហើយ ធ្វើឲ្យការសម្ដែងរបស់តួអង្គ មានភាព Real ច្រើន (ធម្មជាតិច្រើន) ហើយស៊ីគ្នាទាំងការសម្ដែង ការសំឡឹងមើលទឹកមុខដាក់គ្នា ការចេះបំបែកប៉ារ៉ូល ធ្វើឲ្យរឿងទាំងមូល មានភាពទាក់ទាញ»។
សូមបញ្ជាក់ថា ភាពយន្តភាគរឿង «ផ្ទះចុងភូមិ» ជាប្រភេទរឿងបែបកំប្លែង ខ្មោច រន្ធត់ ស្នេហា ព្រាត់ប្រាស អាថ៌កំបាំង និយាយពីការសាងអំពើអាក្រក់ ការសងសឹករបស់ខ្មោច ដែលបានស្លាប់ទៅទាំងមិនអស់ចិត្ត អបិយជំនឿ និងជំនឿលើព្រះពុទ្ធសាសនា។ ចំណែកឯដើមទុននៃការផលិត ត្រូវចំណាយទុនផលិតប្រមាណជា ចន្លោះពី ៤ទៅ៥ម៉ឺនដុល្លារ ដូចជាខ្សែភាពយន្តសព្វមួយដងដែរ ហើយផលិតកម្ម បានសម្រិតសម្រាំងឡើងយ៉ាងពិសេស ទាំងការតាក់តែងនិពន្ធ ការជ្រើសរើសតួសម្ដែង ការដឹកនាំសម្ដែង ទីតាំងថត ដើម្បីឲ្យមានគុណភាពខ្ពស់ តម្រូវតាមទីផ្សារភាពយន្តភាគ នាពេលបច្ចុប្បន្ននេះ។
ភាពយន្តភាគរឿង «ផ្ទះចុងភូមិ» គឺបានជ្រើសរើសយក នាយគ្រឿនជាតូឯកប្រុស និង កញ្ញា ម៉ៅ គឹមធីតា ជាតួឯកស្រី។ ក្នងនោះ ក៏មានតារាសម្ដែងល្បីៗជាច្រើនទៀត រួមមាន លោក ជា សុវណ្ណនរាហ៍, កញ្ញា ធី វ៉ាន់ នីវ៉ា, អ្នកនាង សឿន ផាន់ផាភួង, កញ្ញា ដានី អារីយ៉ា, លោក យន់ រិទ្ធយ៉ាន និង ចូលរួមសម្ដែងដោយ តារាកិត្តិយសជាច្រើនរូបទៀត៕